ព័ត៌មានជាតិ

សម្តេច ហ៊ុន សែន ស្នើសុំរុស្ស៊ីបន្ថែមជួយផ្តល់អាហារូបករណ៍ច្រើនទៀត ដល់និស្សិតកម្ពុជា

ភ្នំពេញៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) បង្ហោះនៅប៉ុន្មាននាទីមុននេះមានអត្ថន័យទាំងស្រុងថា «ព្រឹកនេះមុនចេញដំណើរពីទីក្រុង Moscow ទៅកាន់ទីក្រុង Sochi ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលរុស្ស៊ីអាស៊ាន គម្រប់ខួប ២០ឆ្នាំ ខ្ញុំបានឆ្លៀតឱកាសជួបសំណេះសំណាលជាមួយក្មួយៗយុវជនតំណាងឱ្យនិស្សិតដែលបានមកសិក្សានៅក្នុងប្រទេសរុស្ស៊ី ។ ខ្ញុំសូមផ្តាំសួរសុខទុក្ខចំពោះក្មួយៗដែលមិនបានមកចូលរួមព្រោះត្រូវធ្វើដំណើរឆ្ងាយ។

ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញក្មួយៗខិតខំយកចិត្តទុកដាក់ក្នុងការសិក្សា និងមានឱកាសបានមកសិក្សានៅប្រទេសដ៏ជឿនលឿនមួយនេះ។ ច្បាស់ណាស់ ការសិក្សាគឺគ្មានដែនកំណត់ឡើយ ។ សូមក្មួយៗដែលមានឱកាស បានមករៀននៅទីនេះហើយ គឺត្រូវតែយកចិត្តទុកដាក់ខិតខំរៀនសូត្រឲ្យបានល្អ ព្រោះឪពុកម្តាយ អាណាព្យាបាល លោកគ្រូអ្នកគ្រូទុកចិត្តនិងមានជំនឿលើក្មួយៗហើយ។ ខ្ញុំបានស្នើសុំលោកនាយករដ្ឋមន្ត្រីរុស្ស៊ី បន្ថែមជួយផ្តល់អាហារូបករណ៌ជាច្រើនថែមទៀតដល់និស្សិតកម្ពុជា។

ក្រោយពីបានស្តាប់នូវសុខទុក្ខក្មួយៗនិស្សិតដែលកំពុងសិក្សារៀនសូត្រនៅរុស្ស៊ី ខ្ញុំបានសម្រេចបន្ថែមអាហារូបករណ៍ ដោយដំឡើងប្រាក់ពី $10 ទៅ $50 ក្នុង១ខែ គិតចាប់ពីខែ ឧសភា ឆ្នាំ ២០១៦នេះតទៅ។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងរៀបចំបញ្ជូនឲ្យក្មួយៗរៀងរាល់៣ខែម្តង៕

សូមជូនពរក្មួយៗដែលកំពុងសិក្សារៀនសូត្រនៅក្នុងរុស្ស៊ីទាំងអស់បានជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕”

photo_2016-05-18_16-27-39 photo_2016-05-18_16-27-40 photo_2016-05-18_16-27-38photo_2016-05-18_16-29-26 photo_2016-05-18_16-29-27 photo_2016-05-18_16-29-24

មតិយោបល់