ព័ត៌មានជាតិ

Japan Airlines សម្រេចដាក់ឱ្យយន្ដហោះ Boeing 777 ដែលប្រើម៉ាស៊ីន P&W ចូលនិវត្តន៍មុនកំណត់

 

(តូក្យូ)៖ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន Japan Airlines (JAL) បាននិយាយថាខ្លួនបានសម្រេចចិត្តដាក់ឱ្យយន្ដហោះ Boeing 777 ដែលប្រើប្រាស់ម៉ាស៊ីន Pratt & Whitney ឬ P&W ចំនួន១៣គ្រឿងចូលនិវត្តន៍មួយឆ្នាំមុនការគ្រោងទុក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៦ ខែមេសា ឆ្នាំ២០២១។

ការសម្រេចរបស់ក្រុមហ៊ុន Japan Airlines ធ្វើឡើងបន្ទាប់ពីយន្ដហោះ Boeing 777 ដែលប្រើប្រាស់ម៉ាស៊ីន P&W របស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក United Airlines បានផ្ទុះឆេះម៉ាស៊ីនផ្នែកខាងស្តាំ និងបានចុះចតដោយជោគជ័យ នៅឯអាកាសយានដ្ឋានអន្តរជាតិ ឌែនវើ (Denver International Airport) កាលពីខែកុម្ភៈកន្លងទៅ។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន Japan Airlines បានគូសបញ្ជាក់ដូច្នេះថា៖ «JAL បានសម្រេចចិត្ត ពន្លឿនការដាក់ឱ្យយន្ដហោះ Boeing 777 ដែលប្រើប្រាស់ម៉ាស៊ីន P&W ចូលនិវត្តន៍នៅត្រឹមខែមីនា ឆ្នាំ២០២១ ពោលគឺមុនកាលកំណត់មួយឆ្នាំដែលបានគ្រោង ទុកនៅខែមីនា ឆ្នាំ២០២២»៕

CNA៖ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១

មតិយោបល់