ព័ត៌មានជាតិ

ករណីបើករថយន្តធ្លាក់ផ្លូវ បណ្ដាលឲ្យស្លាប់មនុស្ស ២នាក់

មណ្ឌលគិរី: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មនុស្សចំនួនពីរនាក់ បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង ២៣និង១៥នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ នៅចំណុចហួសស្នាក់ការ៦៤ ចន្លោះគីឡូម៉ែត្រលេខ៧៨-៧៩ លើផ្លូវជាតិលេខ៧៦ ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

សមត្ថកិច្ចបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយរថយន្ដម៉ាកធុនត្រា ពណ៌ស គ្មានស្លាកលេខ បើកធ្លាក់ផ្លូវដោយខ្លួនឯងបណ្តាលឲ្យ (ស្លាប់មនុស្ស ០២នាក់)៖
១.អ្នកបើកបរឈ្មោះ ទេព ស្រស់ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរអ្នកបើកបរ បច្ចុប្បន្នរស់នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី (បានស្លាប់នៅកន្លែងកើតហេតុ)។២. អ្នករួមដំណើរឈ្មោះ សួ សុវណ្ណថា ភេទប្រុស អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ កសិករ មានស្រុកកំណើតនៅភូមិថ្មីកណ្ដាល ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នរស់នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី (បានស្លាប់នៅកន្លែងកើតហេតុ)។

សមត្ថកិច្ចបន្តថាមូលហេតុ៖ បណ្តាលឲ្យគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយសាររថយន្ដបើកបរក្នុងល្បឿនលឿនផ្លូវកោងទើបរ៉េចង្កូតធ្លាក់ផ្លូវតែម្ដង។

បច្ចុប្បន្នសពទាំង០២នាក់ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តទុកនៅកន្លែងកើតហេតុរង់ចាំរថយន្តស្ទូច ៕

មតិយោបល់