ព័ត៌មានជាតិ

គួរឲ្យរន្ធត់! បាត់ប្រពន្ធទាំងព្រឹក ប្តីខំដើររកស្រាប់តែប្រទះឃើញ ប្រពន្ធខ្លួនខ្យល់គរដេកស្លាប់ នៅជិតផ្ទះ

កណ្ដាល: បើតាមសមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង ៥ ព្រឹក ថ្ងៃទី០៧ ខែឧសភានេះ មានករណីខ្យល់គ បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ នៅចំណុចកៀនរបងរោងចក្រឃីងវេយ៍ ស្ថិតនៅភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះ ឈ្មោះ ស្រេង ស៊ីណាត ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ។
ប្រភពពីសមត្ថកិច្ច បានបញ្ជាក់ថា តាមការសួរបំភ្លឺពីប្តីជនរងគ្រោះ ឈ្មោះ វ៉ាន់ ឡាង ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរ កម្មករសំណង់ នៅភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង បាននិយាយថា នៅថ្ងៃទី០៧ ខែឧសភា ប្រហែលម៉ោង៥ ព្រឹក បុរសជាប្តីបានបាត់ប្រពន្ធ ក៏ដើររកស្រាប់តែប្រទះឃើញប្រពន្ធរបស់ខ្លួន ដេកផ្កាប់មុខស្លាប់ នៅលើស្មៅ ក៏ហៅអ្នកជិតខាងឲ្យជួយលើកប្រពន្ធចូលក្នុងផ្ទះ។

ក្រោយកើតហេតុ មន្ត្រីជំនាញនគរបាលបច្ចេកទេសស្រុក បានចុះពិនិត្យសាកសព ដោយមានការចូលរួមពី លោកប្រធានក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យឃុំ មេភូមិ បងប្អូនជនរងគ្រោះ តាមការសន្និដ្ឋានផ្នែកជំនាញនិង លោកគ្រូពេទ្យ បានឲ្យដឹងថា ជនរងគ្រោះបានស្លាប់ដោយសារជំងឺ ខ្យល់គ។
បច្ចុប្បន្នសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់