ព័ត៌មានជាតិ

ចុម! បុរសម្នាក់ ត្រូវក្រុមចោរស្ទាក់ប្លន់យកទ្រព្យសម្បត្តិទាំងកណ្តាលថ្ងៃត្រង់

កំពត: បុរសម្នាក់ ជិះម៉ូតូម្នាក់ឯងមកពីផ្សារ ឆ្ពោះទៅផ្ទះ ត្រូវបានក្រុមចោរស្ទាក់ប្លន់ទាំងកណ្តាលថ្ងៃ យកបានទ្រព្យសម្បត្តិ មួយចំនួន។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ច នៅវេលាម៉ោងប្រមាណ១១ ថ្ងៃត្រង់ ទី៨ ឧសភា នេះ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ចំនុចខ្លោងទ្វាចូលក្រុងកំពត ភូមិបឹងតារោម ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍នេះ មានឈ្មោះ ស៊ឹម ធាវ មុខរបរកសិករ រស់នៅភូមិវត្តអង្គ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ជិះម៉ូតូម៉ាក សង់ឌ្រីម ស៊េរីឆ្នាំ០១៣ ពណ៌ខ្មៅ។

បើតាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា រូបគាត់បានជិះម៉ូតូដឹកម្ហូបនិងអង្ករមួយបាវ មកពីផ្សារឆ្ពោះទៅផ្ទះ មកដល់ចំនុចខាងលើ ស្រាប់តែមានក្រុមជនមិនស្គាល់អត្តសញ្ញាណប្រមាណ៤នាក់ ជិះម៉ូតូសង់២គ្រឿង មកទះស្មារគាត់ពីក្រោយ ហើយស្ទាក់ឲ្យគាត់ឈប់ រួចក៏ដោះយកគ្រឿងអលង្ការ និងលុយអស់ពីខ្លួនរលីង។

ជនរងគ្រោះបញ្ជាក់ថា ទ្រព្យសម្បត្តិដែលត្រូវបានក្រុមចោរយកទៅរួមមាន ចិញ្ចៀនមាសមួយវង់ទម្ងន់៣ជី,លុយខ្មែរ១០ម៉ឺនរៀល និងកាតគ្រីម៉ូតូ។

ជនរងគ្រោះបន្តថា ក្រោយពេលប្រមូលយកទ្រព្យសម្បត្តិពីគាត់រួច ក្រុមជនល្មើសបាននាំគ្នាជិះចូលក្នុងក្រុងកំពត ហើយបានដកយកសោម៉ូតូគាត់ មិនឲ្យគាត់ជិះទៅណារួចឡើយ។

ទាក់ទងករណីប្លន់ទាំងកណ្តាលថ្ងៃនេះ លោក អនុសេនីយ៍ឯក យ៉ាន់ ថន នាយប៉ុស្តិ៍នគរបាលឃុំព្រៃឃ្មុំ ដែលបានចុះមកពិនិត្យនៅកន្លែងកើតហេតុបានឲ្យដឹងថា សមត្ថកិច្ចនៅទាន់កំណត់បានមុខសញ្ញានៅឡើយទេ យ៉ាងណាក៏ដោយនគរបាល និងខិតខំស្វែងរកបង្ក្រាបក្រុមជនល្មើស ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ។

គួររំលឹកថា ករណីប្លន់ដែលបានធ្វើសកម្មភាពខាងលើនេះ វាដូចគ្នាបេះបិតទៅនឹងករណីប្លន់ដែលបានកើតឡើងប្រមាណជា៦ខែមុន ដោយថៅកែម្នាក់ត្រូវបានក្រុមចោរស្ទាក់ម៉ូតូ ហើយយកបានចិញ្ចៀនពេជ្រ ខ្សែក លុយ និងទូរសព្ទ ព្រមទាំងបានដកសោម៉ូតូជនរងគ្រោះដូចគ្នា តែពុំយកម៉ូតូទេ ហើយក៏ជិះគេចខ្លួនក្នុងក្រុងកំពតបាត់ស្រមោល៕

មតិយោបល់