ព័ត៌មានជាតិ

ក្រុមតម្រួតថៃបង្ក្រាបគ្រឿងញៀន ពេញបាតរថយន្តអ៊ីស៊ុយៗមួយគ្រឿង

ថៃ: ក្រុមតម្រួតថៃ សហការជាមួយនិងកម្លាំងជំនាញ នៃអង្គភាពប្រឆាំងគ្រឿងញៀន ឆ្មក់បង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់ខ្លួនបានជនសង្ស័យប្រុសស្រី២នាក់
រកឃើញថ្នាំញៀន២ប្រភេទ ដែលមានចំនួនរាប់លានគ្រាប់ ដែលគេបានរៀបចំថ្នាំញៀនទាំងនោះ ដាក់ពេញបាតរថយន្ត ខណ:ដែលធ្វើចរាចរឆ្លងកាត់ទីតាំងត្រួតពិនិត្យ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ១រសៀល ស្ថិតក្នុងស្រុកម៉ែត្រ ខេត្តឡាំប៉ាង ប្រទេសថៃ។

សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានដល់ការឃាត់រថយន្តខាងលើ សមត្ថកិច្ចបានដាក់បារ៉ាស់ ទីតាំងត្រួតពិនិត្យ ខណ:នោះក៏មានរថយន្តមួយគ្រឿង ម៉ាក អ៊ីស៊ុយៗ D-MAX ពណ៌ស ពាក់ស្លាកលេខ ឈាងរ៉ាយ ១៧៨៧ បានបើកបរឆ្លងកាត់ទីតាំងត្រួតពិនិត្យ ដោយមានដឹកទំនិញនៅលើទ្រុងខាងក្រោយផង។ នៅពេលនោះកម្លាំងបានធ្វើការឆែកឆេរ ដើម្បីត្រួតពិនិត្យ ក៏បានប្រទះឃើញមានថ្នាំញៀនជាច្រើននៅបាតរថយន្ត ទើបកម្លាំងបានឃាត់ខ្លួនមនុស្សចំនួន២នាក់ ដែលជាអ្នកបើកបរនិងអ្នករួមដំណើរ ជាបណ្តោះអាសន្នសិន ដើម្បីនាំខ្លួនយកទៅសាកសួរ ។

ក្រោយពេលត្រួតពិនិត្យ សមត្ថកិច្ចបានសម្រេចធ្វើការរឹបអូសវត្ថុតាងរួមមាន រថយន្ត មួយគ្រឿងថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន ១,១៥៦,០០០ គ្រាប់ ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន៧គីឡូក្រាម ដោយជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានចំនួន២នាក់ ដែលមានឈ្មោះ សក្តិស្យាម ចៃម៉ន ភេទប្រុស អាយុ២៧ឆ្នាំ និងឈ្មោះ ស៊ុហឫទ័យ បួឥន្ទ្រ ភេទស្រី អាយុ២៧ឆ្នាំ អ្នកទាំង២រស់នៅក្នុងស្រុកផាន ខេត្តឈាងរ៉ាយ ដូចគ្នា ។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ រួមទាំងវត្ថុតាង គឺថ្នាំញៀនដ៏ច្រើនសន្ធឹកសន្ធាប់ត្រូវបានកម្លាំងជំនាញរៀបចំបំពេញឯកសារ ដើម្បីបញ្ជូនខ្លួនទៅកាន់តុលាការ ក្នុងការចាត់វិធានការតាមផ្លូវច្បាប់៕

មតិយោបល់