កណ្តាលៈ លោកអធិការរងស្រុកអង្គស្នួល ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់Post Newsថា មានករណីឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីចោរកម្ម បន្ទាប់ពីបានធ្វើសកម្មភាពលួចយកម៉ូតូបានសម្រេច ពីស្រ្តីម្នាក់ជាគ្រូបង្រៀន។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃច័ន្ទ ៨កើត ខែបុស្ស នព្វស័ក្ត ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែឆ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិត្រពាំងកំភ្លាញ ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះមានឈ្មោះ ហៀង សុខឃី ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន និងជនសង្ស័យឈ្មោះ សឿន វណ្ណេត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទាំង២នាក់ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។
មុនពេលកើតហេតុ កូនជនរងគ្រោះឈ្មោះ ឌឿន ដុន ភេទប្រុស អាយុ១៧ឆ្នាំ បានជិះម៉ូតូជូនជីតាទៅផ្ទះ លុះត្រឡប់មកវិញក៏យកមកម៉ូតូទុកនៅខាងក្រោមផ្ទះ ដោយមិនបានដកសោ ចេញនោះទេ រួចក៏ដើរចូលដាំបាយនៅផ្ទះបាយ ស្រាប់តែមួយសន្ទុះក្រោយមកឮសូរសម្លេងម៉ូតូជិះចេញ ទើបរត់ចេញមកមើលឃើញជនសង្ស័យបានជិះម៉ូតូទៅទិសខាងលិច ខណៈនោះម្តាយជនរងគ្រោះមកដល់ក៏ប្រាប់ទៅម្តាយហើយរាយការណ៍ជូនសតមត្ថកិច្ច ទើបស្ទាក់ឃាត់ខ្លួនជនសង្ស័យបាន នៅភូមិឧសភា សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនបានដើរមកក៏ប្រទះឃើញម៉ូតូនៅខាងក្រោមផ្ទះ មានទាំងសោនៅស្រាប់ ទើបខ្លួនជិះចេញ ក្នុងបំណងទៅបង្អួតស្រីតែត្រូវសមត្ថកិច្ចស្ទាក់ចាប់បានតែម្តង។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការដោះស្រាយបន្តតាមផ្លូច្បាប់។ ចំណែកម៉ូតូម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៨ គ្មានស្លាកលេខ ប្រគល់ជូនម្ចាស់ជាជនរងគ្រោះវិញផងដែរ៕
https://youtu.be/1ru2YA-047M
មតិយោបល់