ព័ត៌មានជាតិ

ត្រួតពិនិត្យអាវុធជាតិផ្ទុះ ឃាត់បានជនសង្ស័យ២នាក់​ដកហូតថ្នាំញៀន៦០កញ្ចប់!

ភ្នំពេញ: ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនិងវាស់ជាតិអាកុល ធ្វើការឃាត់ខ្លួន ក្រោយពីត្រួតពិនិត្យនិងឆែកឆេររកឃើញថ្នាំញៀនចំនួន៦០កញ្ចប់ធំនិងតូច នៅជាប់នឹងខ្លួនរបស់ជនសង្ស័យទាំង២នាក់។

ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខវត្តវាលស្បូវ តាមបណ្តោយផ្លូវជាតិលេខ១ ភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានខាងលើនេះ ទី១មានឈ្មោះ សាន រាមសា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៨ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ និងជនសង្ស័យទី២ឈ្មោះ រស់ ដាលី ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ៣១២ ផ្លូវជាតិលេខ១ ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ក្នុងនោះដកហូតបាន ក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន៦០កញ្ចប់ (៥០កញ្ចប់តូច និង១០កញ្ចប់ធំ) ដែលជារបស់ជនសង្ស័យឈ្មោះ សាន រាមសា ចំនួន២០កញ្ចប់ និង៤០កញ្ចប់ទៀតជារបស់ជនសង្ស័យឈ្មោះ រស់ ដាលី,លុយខ្មែរចំនួន២៣ម៉ឺនរៀល,លុយដុល្លារចំនួន៦០១ដុល្លារ,លុយបាតចំនួន២៥០បាត,កូនកាបូប២,ទូរសព្ទដៃចំនួន១គ្រឿង រួមនឹងម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1Y-1037 ចំនួន១គ្រឿងផងដែរ។

សមត្ថកិច្ចបានបន្តថា មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងដាក់គោលដៅនៅចំណុចមុខវត្តវាលស្បូវ ដើម្បីត្រួតពិនិត្យរកអាវុធជាតិផ្ទុះទៅលើអ្នកធ្វើដំណើរតាមដងផ្លូវ ខណ:នោះក៏ប្រទះឃើញជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក វីវ៉ា ដោយមានការសង្ស័យ សមត្ថកិច្ចបានឃាត់ឲ្យឈប់ ដើម្បីធ្វើការត្រួតពិនិត្យនិងឆែកឆេរ រកឃើញថ្នាំញៀនសរុបចំនួន៦០កញ្ចប់នៅជាប់នឹងខ្លួនជនសង្ស័យទាំង២នាក់ ទើបសមត្ថកិច្ចធ្វើការចាប់ខ្លួនជនសង្ស័យទាំង២នាក់នេះតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចធ្វើការនាំខ្លួនមកកាន់ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់