ភ្នំពេញៈ កាលពីវេលាម៉ោង ៧និង៣០ នាទីយប់ ថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ ផ្សារដេប៉ូទី១ ខណ្ឌទួលគោក មាន
រថយន្តម៉ាក កាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2N-7610 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានបើកមកបុករបាំងថ្មចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូតខាតផ្នែកខាងមុខទាំងស្រុក បើកទៅមុខលែងរួច។
តាមសាក្សីដែលបានឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្កខាងលើបើកតាមបណ្តោយផ្លូវ ម៉ៅសេទុងក្នុងទិសដៅពីត្បូងទៅជើង ពេលដែលមកដល់ចំណុចកើតហេតុរថយន្តបានជ្រុលទៅបុករបាំងថ្មទាំងកម្រោលតេម្តង ។
លុះរហូតមកវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ នៅទីតាំងដដែល ស្រាប់តែមានរថយន្តម៉ាក់ហ៊ីលុច្ស ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 2A-6058 បានបើកក្នុងទិសដៅពីត្បូងទៅជើងដូចគ្នា ដោយសារតែស្ងានភាពផ្លូវងងឹត មើលទ្រូងផ្លូវមិនឃើញ ទើបបុកពេញទំហឹង បណ្តាលឲ្យរងការខូចខាតអស់ចំនួន៤កង់ទៀត។ ចំណែករថយន្តដាច់កាឡេខាងឆ្វេងទៅមុខលែងរួចតែម្តង។
ចំណែកសមត្ថកិច្ចមូលដ្ឋានវិញបានបង្ហើបឲ្យដឹងថា ទីកន្លែងនេះឧស្សាហ៍បុកណាស់ដោយសារតែ កត្តាផ្លូវខុសបច្ចេកទេស និងរបាំងថ្មដាក់គ្មានចំណាំងផ្លាត។
ក្រោយពេលកើតហេតុរថយន្តបង្កត្រូវបានកម្លាំងជំនាញស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីដោះស្រាយនៅពេលក្រោយតាមផ្លូវច្បាប់។ ចំណែកម្ចាស់រថយន្តបានត្អូញត្អែរថា ដាក់របាំងថ្មងងឹត គ្មានចំណាំងផ្លាត អញ្ចឹង ដល់ពេលគេបើកបុក ខូចរថយន្តគេហើយសងលុយរដ្ឋទៀត ៕
មតិយោបល់