ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ញៀនថ្នាំដល់កម្រិត បានវាយធ្វើបាបប្រពន្ធ និងបង្ខំឲ្យនិយាយចោទទៅលើម្ចាស់ផ្ទះជួលថាបានចាប់រំលោភ គោលបំណងចងបានលុយពីម្ចាស់ផ្ទះជួលចំនួន២០០០ដុល្លា ទីបំផុតត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន។
ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីម៉ោង៣ រសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧។
បុរសដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើ មានឈ្មោះ ស្រ៊ុន ស្រឿង អាយុ៣២ឆ្នាំ មុខរបរបើកបរ ស្នាក់នៅបន្ទប់ជួល នៅភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិកំពង់គល់ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
ចំណែកស្ត្រីជាប្រពន្ធឈ្មោះ សាត សុខគា អាយុ២៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលជាមួយប្តី មានស្រុកកំណើតភូមិថ្មពូន ឃុំអណ្តូងតាពេជ្រ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ប្តីប្រពន្ធខាងលើនេះ ទើបតែស្រឡាញ់និងរស់នៅជាមួយគ្នា កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧នេះ និងមកជួលផ្ទះស្នាក់នៅជាមួយគ្នា នៅភូមិខាងលើ កាលពីថ្ងៃ២៤ មេសា ២០១៧ ថ្មីៗនេះស្រាប់តែមានរឿងកើតឡើងតែម្តង។
រីឯម្ចាស់ផ្ទះដែលរងការចោទប្រកាន់ឈ្មោះ ទូច ផល្លី អាយុ៥៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៦ ផ្លូវបេតុង ក្រុម១ ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីព្រលប់ថ្ងៃទី៤ ឧសភា ឆ្នាំ២០១៧ បុរសដែលជាជនសង្ស័យ បាននាំប្រពន្ធមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ដើម្បីដាក់ពាក្យបណ្តឹងប្តឹងចោទប្រកាន់ទៅលើបុរសឈ្មោះ ទូច ផល្លី ថាបានធ្វើសកម្មភាពចាប់រំលោភមកលើប្រពន្ធរបស់ខ្លួន ដោយពេលនោះជនសង្ស័យបានទារសំណងជំងឺចិត្តចំនួន២ពាន់ដុល្លារ។
ក្រោយពីមានបណ្តឹងខាងលើ សមត្ថកិច្ចក៏បានហៅបុរសឈ្មោះ ទូច ផល្លី មកធ្វើការសាកសួរ ទើបមានការសង្ស័យក៏ហៅប្តីប្រពន្ធខាងលើមកសួរម្តងទៀត និងធ្វើការស្រាវជ្រាវភ្លាមៗ ទើបដឹងពីមូលហេតុពិតប្រាកដ។ តាមពិតបុរសសង្ស័យបានរៀបគម្រោងនិងបានវាយធ្វើបាបទៅលើប្រពន្ធបង្ខំឲ្យនិយាយចោទទៅលើម្ចាស់ផ្ទះជួលថាចាប់រំលោភទៅប្រពន្ធខ្លួនគោលបំណងចង់បានលុយប៉ុណ្ណោះ។
ស្ត្រីឈ្មោះ សាត សុខគា បានប្រាប់សមត្ថកិច្ចថាមូលហេតុ ដែលនាងឆ្លើយចោទប្រកាន់ទៅលើអ៊ំម្ចាស់ផ្ទះ ថាបានចាប់រំលោភមកលើនាងនោះ គឺដោយសារការវាយធ្វើបាប និងគំរាមកំហែងពីសំណាក់ជាប្តី គោលបំណងចង់បានលុយ។ បើនាងមិនធ្វើតាម និងសម្លាប់នាងចោល ទើបនាងបង្ខំចិត្តធ្វើទៅ ហើយចំពោះទង្វើខាងលើនេះនាងក៏បានសំពះសុំទោសទៅលើអ៊ំប្រុសម្ចាស់ផ្ទះ កុំឲ្យប្រកាន់នាងផងដែរ។
ចំណែកបុរសជាសង្ស័យក្រោយពីសមត្ថកិច្ចឃាត់ខ្លួន បានធ្វើតេស្តទៅលើទឹកនោមឃើញថាមានផ្ទុកដោយសារធាតុញៀន ទើបបុរសខាងលើសារភាពថាខ្លួនបានប្រើប្រាស់គ្រឿងញៀនប្រហែល៣ឆ្នាំមកហើយ បច្ចុប្បន្នត្រូវសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដោយឡែកស្ត្រីជាប្រពន្ធបានហៅសាច់ញាតិមកធានាឲ្យត្រឡប់ទៅផ្ទះវិញ៕
មតិយោបល់