ព័ត៌មានសេដ្ឋកិច្ច

Grow Asia នឹងចាក់បញ្ចូលបទពិសោធន៍ជោគជ័យទៅក្នុង វិស័យកសិកម្មនៅកម្ពុជា

វេទិកា Grow Asia នឹងចាក់បញ្ចូលនូវបទពិសោធន៍ជោគជ័យរបស់ប្រទេសក្នុងតំបន់ ទៅក្នុងវិស័យកសិកម្មនៅកម្ពុជា ឲ្យកាន់តែប្រសើរឡើងទៅមុខជាលំដាប់។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានឲ្យដឹងនៅព្រឹកនេះ ថា វេទិកានេះ បានបញ្ចូលបច្ចេកវិទ្យា និងចំណេះដឹងខាងដាំដុះ ដែលធ្វើឲ្យវិស័យកសិកម្មនៅកម្ពុជា ផ្ទុះឡើងខ្លាំង តែយ៉ាងណាមិញ កម្ពុជា នៅជួបបញ្ហាខាងទីផ្សារ ដោយសារពីមុនគឺ គិតត្រឹមតែស្បៀង។

រដ្ឋាភិបាលកម្ពុជា បាននិងកំពុងដោះស្រាយបញ្ហានេះ តាមរយៈការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ការដឹកជញ្ជូន តម្លៃអគ្គិសនី និងតម្លៃទឹក ជាដើម។

លោក វេង សាខុន បានបន្តថា កម្ពុជា នឹងមានកំពង់ផែទឹកជ្រៅ ១៤ម៉ែត្រកន្លះ ដែលអាចទទួលនាវាធំៗ ដឹកទំនិញបានច្រើន ក្នុងតម្លៃទាប និងឆាប់រហ័សបំផុត។

រីឯផលិតផលកសិកម្មខ្លះដូចជា ល្ហុង ចេក ស្វាយ ត្រូវការដឹកជញ្ជូនតាមយន្តហោះខ្នាតធំ ហើយកម្ពុជា ក៏មានគម្រោងសាងសង់ព្រលានយន្តហោះខ្នាតធំ នៅខេត្តសៀមរាបផងដែរ ដើម្បីទទួលបានទាំងភ្ញៀវទេសចរច្រើន អាចដឹកទំនិញទៅវិញបានទៀតផង។

កសិកម្ម ក៏ត្រូវការ ទឹក ជាចាំបាច់ ដែលទាមទារឲ្យមាន ការរៀបចំប្រភពទឹកប្រើប្រាស់ឲ្យបានច្រើនកន្លែង ងាយស្រួលសម្រាប់ការស្រោចស្រព ដោយមិនចាំបាច់ប្រើប្រាស់ម៉ាស៊ីនបូមទឹក ពោលគឺ ចំណាយតិចជាងមុន។

លើសពីនេះទៅទៀត ការបង្កកទំនិញសម្រាប់នាំចេញ ក៏ត្រូវការប្រើប្រាស់អគ្គិសនីច្រើន ហើយរដ្ឋាភិបាលក៏បាន បន្ថែមទំនប់វារីអគ្គិសនីសេសាន ព្រមទាំងបញ្ចុះតម្លៃអគ្គិសនីទូទាំងប្រទេសផងដែរ។

ជាចុងក្រោយ លោក​ វេង សាខុន ក៏បានផ្តោតសំខាន់លើ សុវត្ថិភាពចំណីអាហារ រៀបចំធ្វើយ៉ាងណាឲ្យ អ្នកទិញអ្នកលក់ដំណើរការល្អជាមួយគ្នា និងចេះយោគយល់គ្នាលើបញ្ហានេះ។

គួរបញ្ជាក់ថា វេទិកា Grow Asia នឹងផ្តល់ឱកាសឲ្យកម្ពុជា បានផ្លាស់ប្តូរបទពិសោធន៍នៃ ការលក់ចេញទិញចូល ត្រួតពិនិត្យគុណភាព ការធ្វើលិខិតបញ្ជាក់ភូគាមអនាម័យ និងរៀនពីភាពជោគជ័យរបស់ប្រទេសនានាផងដែរ៕

មតិយោបល់