ព័ត៌មានជាតិ

អុញនោះ! ម្សៅស៊ុបខ្នរ ម្សៅរ៉តឌី និងទឹកដោះគោបឺតកូនក្មេង ខូចគុណភាព កាំកុងត្រូលខេត្តឧត្តរមានជ័យ ធ្វើការដកហូត

ឧត្តរមានជ័យៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃសុក្រ ១១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ មន្រ្តីជំនាញសាខាកាំកុងត្រូលខេត្តឧត្តរមានជ័យ បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ដោយបានត្រួតពិនិត្យទៅលើទំនិញវេចខ្ចប់ស្រាប់នៅតាមបណ្ដា ម៉ាត និងស្តង់លក់ភេសជ្ជៈ នៅក្រុងសំរោង ខេត្ដឧត្ដរមានជ័យ។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញមានទំនិញមួយចំនួន ខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ហើយត្រូវបានមន្ត្រីសាខាកាំកុងត្រូលខេត្ត ធ្វើកំណត់ហេតុដកហូត និងស្នើសុំគោលការណ៍កម្ទេចចោលនៅពេលក្រោយ។ ទំនិញទាំងនោះរួមមាន ៖ទឹកដោះគោបឺតកូនក្មេង ម្សៅស៊ុបខ្នរ និងម្សៅរ៉តឌី ដែលមានចំនួនសរុប ៧៤ កញ្ចប់។

បន្ទាប់ពីត្រួតពិនិត្យរួចរាល់មន្ត្រីជំនាញបានឱ្យតំណាងម្ចាស់ទំនិញធ្វើកិច្ចសន្យាបញ្ឈប់ការដាក់តាំងលក់ទំនិញខូចគុណភាព និងហួសកាលបរិចេ្ឆទប្រើប្រាស់បន្តទៀត ករណីមិនរាងចោលនឹងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់