ស្វាយរៀង: លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានធ្វើការជំរុញ ដល់ពលរដ្នត្រូវត្រៀមឧបករណ៍ ធ្វើស្រែវស្សា ឲ្យបានគ្រប់គ្រាន់ ខណៈដែលមានភ្លៀងធ្លាក់រាយប៉ាយ ទូទាំងខេត្ត។ ការលើកឡើងបែបនេះ ខណៈដែលលោក ម៉ែន វិបុល ចុះទៅប្រគល់អណ្តូងទឹក និងចែកធុងទឹកកាទឹក ដល់ប្រជាពលរដ្ន នៅសាលាបឋមសិក្សាព្រែកពក នៅឃុំថ្នាធ្នង់ ស្រុករំដួល នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ។
លោក ម៉ែន វិបុល បានបន្តទៀតថា ក្នុងនាមអាជ្ញាធរខេត្ត ពិតជាមានក្តីកង្វល់ខ្លាំងណាស់ ខណៈពលរដ្នខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ ហើយរាជរដ្ឋាភិបាល ក៏បានផ្តោតសំខាន់លើ បញ្ហាទឹកនេះដែរ តំរូវឲ្យអាជ្ញាធរគ្រប់ខេត្តត្រូវចុះស្រង់ យកព័ត៌មានអំពីកង្វះទឹកតាមមូលដ្ឋាន ដើម្បីជួយសង្គ្រោះបានទាន់ពេលវេលា។ ហើយកាកបាទក្រហម ដែលមានសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាននោះបានដើរតួនាទី យ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជន ងាយរងគ្រោះ និងគ្រោះមហន្តរាយផ្សេងៗ ដែលតែងតែឃើញវត្តមាន កាកបាទក្រហមចុះជួយជានិច្ច ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។
ដូចជានៅថ្ងៃនេះ កាកបាទក្រហមបានរួមចំណែកជួយកសាង អណ្តូងទឹកចំនួន៧អណ្តូង និងចែកធុងទឹកកាទឹក ដល់ពលរដ្ននៅឃុំថ្នាធ្នង់។ លោក ម៉ែន វិបុល ក៏បានសំណូមពរដល់ ពលរដ្នត្រូវនាំគ្នាចេះថែរក្សា អណ្តូងទឹកនេះ ឲ្យយូអង្វែង និងប្រើប្រាស់ទឹក ដោយលក្ខណៈសន្សំសំចៃ ជាប្រយោជន៍រួម ក្នុងសហគមន៍ក្នុងភូមិឃុំរបស់យើង៕
មតិយោបល់