ភ្នំពេញៈ ដេញវាយរថយន្តត្រូវរថយន្តរយែកិនម៉ូតូវិញ បណ្ដាលឲ្យរងរបួសធ្ងន់២នាក់ ស្រាល១នាក់ កាលពីវេលាម៉ោង២:១០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំនុចមុខបូរីប៉េង ហួត ស្ថិតតាមបណ្ដោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប្រភពឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ពេជ្យ អាយុ២៦ឆ្នាំ មុខរបរដឹកអីវ៉ាន់ ពីរនាក់ទៀតមិនស្គាល់ឈ្មោះ ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ 1FJ 2009 ចំណែករថយន្តបង្កម៉ាកកូរ៉េ ១តោនកន្លះ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ ២Q 8754 ជិះគ្នា៣នាក់ក្នុងទិសដៅពីត្បូងទៅជើង។
តាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍ផ្ទាល់មានឈ្មោះ រដ្ឋា ដែលស្នាក់នៅមុខកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូបីគ្រឿងមានគ្នា៩នាក់ បានដេញវាយរថយន្តមួយគ្រឿងខាងលើរហូតដល់មុខបូរីប៉េងហួត ទើបរថយន្តឈប់ដោយសារតែជាប់បារាស់សន្តិសុខបូរីខាងលើ ហើយពេលនោះខាងម៉ូតូបានផ្ដួលម៉ូតូរត់បំរុងទៅកាប់រថយន្តថែមទៀត តែខាងរថយន្តបានដាក់លេខរយែថយក្រោយដេញបុកម៉ូតូទាំងនោះ បណ្ដាលឲ្យកិនម៉ូតូខាងលើនៅក្រោមរថយន្តរហូតជ្រុលទៅបុកបង្គោលខ្សែភ្លើង បណ្ដាលឲ្យបាក់ថែមទៀតផង លុះក្រោយមកខាងរថយន្ត និងម៉ូតូបានចុះដេញវាគ្នាដូចរឿងក្នុងខ្សែភាពយន្តអញ្ចឹង បណ្ដាលឲ្យខាងម៉ូតូរងរបួសបីនាក់ម្នាក់ក្នុងចំណោម៣នាក់រងរបួសធ្ងន់ ដាច់ម្រាមដៃខាងឆ្វេងចំនួន២ និងបែកក្បាលជាទម្ងន់ ក្រោយមកខាងរថយន្តបានរត់គេចខ្លួនបាត់អស់នៅសល់តែជនរងគ្រោះបីនាក់នៅនឹងកន្លែងកើតហេតុតែប៉ុណ្ណោះ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសមះ តាមរយៈរថយន្តសង្គ្រោះបន្ទាន់គ្លីនិកឯងជនហើយចំណែកឯម៉ូតូ និងរថយន្តត្រូវបានប្រគល់ឲ្យខាងការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ យកទៅរក្សាទុកនៅស្នងការរាជធានី រងចាំការដោះស្រាយនៅពេលក្រោយ៕
មតិយោបល់