ភ្នំពេញៈ បន្ទាប់ពីស្នាក់អាស្រ័យបំពេញទស្សនកិច្ចការងាររយៈពេល២ថ្ងៃ នៅទីក្រុងម៉ូស្កូ ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់រួចមក នៅរសៀលថ្ងៃទី១៨ឧសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញធ្វើដំណើរ ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិVnukovoទីក្រុងម៉ូស្កូ ក្នុងដំណើរអញ្ជើញទៅទីក្រុងស៊ូឈី សហព័ន្ធរុស្ស៊ី ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍២០ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី ដែលនិងប្រារព្វធ្វើឡើងនៅរសៀលថ្ងៃទី១៩និងថ្ងៃទី២០ឧសភា។
នៅអាកាសយានដ្ឋានអន្តរជាតិ Vnukovo ទីក្រុងម៉ូស្កូ វត្តមាននៃការអញ្ជើញជូនដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី រួមមានឯកឧត្តម ពិធីការក្រសួងការបរទេសរុស្ស៊ី ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ជាឥស្សរជនការទូតនៃប្រទេសទាំង ពីរកម្ពុជា សហព័ន្ធរុស្ស៊ី និងវត្តមាននិស្សិតកម្ពុជាដែលកំពុងសិក្សានៅសហព័ន្ធរុស្ស៊ី ជាច្រើនរូប។
នៅវេលាម៉ោង១៦និង៣៥នាទីម៉ោងក្នុងប្រទេសរុស្ស៊ី ត្រូវនិងម៉ោង២០និង៣៥នាទីម៉ោងក្នុងប្រទេសកម្ពុជា យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិស៊ូឈីប្រកបដោយសុវត្តិភាព ក្រោមវត្តមាននៃការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីសំណាក់ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ទីក្រុងស៊ូឈី។
សូមបញ្ជាក់ដែរថា នៅក្នុងវត្តមាននៃការអញ្ជើញដល់អាកាស យានដ្ឋានអន្តរជាតិស៊ូឈី សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញភ្លក់រស់ជាតិនំប៉័ងជ្រលក់អំបិល តាមទំនៀម ទំលាប់ប្រពៃណីរបស់បងប្អូនជាតិជាតិរុស្សីុ នៃទីក្រុងស៊ូឈី ដែលជាតំបន់លំហែកាយមាត់សមុទ្រដ៏ប្រណិត របស់សហព័ន្ធរុស្ស៊ី ។ សូមបញ្ជាក់ដែរថា វត្តមានគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្រ្តីក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅទីក្រុងម៉ូស្កូ និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍២០ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅទីក្រុងស៊ូឈី នាពេលនេះរួម មាន លោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក ហង់ ជួនណារ៉ុង រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សុខចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេ ខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី លោក កៅ កឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ លោក នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ លោក តេង សាវង្ស រដ្ឋលេ ខាធិការក្រសួងមហាផ្ទៃ លោកជំទាវ សឿង រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាល និងជាឧត្តមមន្រ្តីកម្ពុជាទទួលបន្ទុកកិច្ចប្រជុំ កំពូលអាស៊ី-អឺរ៉ុប ASEM ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់របស់ព្រះរាជាណា ចក្រកម្ពុជាជាច្រើនរូបទៀត។
ដោយឡែកគណៈប្រតិភូសភាពាណិជ្ជកម្មចំនួន១៦រូប ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏មានវត្តមានអញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋ មន្រ្តី ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅទីក្រុងម៉ូស្កូ និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍២០ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅទីក្រុងស៊ូឈី សហព័ន្ធរុស្ស៊ី ផងដែរ។ ចំពោះព័ត៌មានពិស្តារស្តីពីសកម្មភាពសម្តេចតេជោនាយករដ្ឋមន្រ្តី និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍២០ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅទីក្រុងស៊ូឈី សហព័ន្ធរុស្ស៊ី៕
មតិយោបល់