ភ្នំពេញៈ កាលពីព្រឹកព្រលឹមថ្ងៃទី១៤ កក្កដា មានការបញ្ជាក់ថា អ្នកស្រី ផាន់ អៀង ម្ដាយរបស់តារាសម្ដែងទឹម រដ្ឋា ត្រូវបានដឹកបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យឯកជនមួយស្ថិតនៅទល់មុខទូរទស្សន៍អាស៊ីអាគ្នេយ៍ ដោយអ្នកស្រីត្រូវក្រុមគ្រូពេទ្យដាក់អុកស៊ីហ្សែនឲ្យបន្ទាប់ពីបានបញ្ជូនទៅដល់នោះផង។ ទឹម រដ្ឋា ត្រូវគេឃើញរន្ធត់ចិត្តយ៉ាងខ្លាំង ទើបគេឃើញតារាស្រីរូបនេះផុសសារក្កុកក្ដួលមួយជាភាសាអង់គ្លេស ដែលធ្វើឲ្យអ្នកគាំទ្រហាក់មិនបានចាប់អារម្មណ៍។
ក្នុងបទសម្ភាសន៍ជាមួយ Postnews ទឹម រដ្ឋា ហាក់មិនចង់លាតត្រដាងពាក់ព័ន្ធនឹងរឿងម្ដាយឈឺធ្ងន់ឲ្យបែកខ្ញែកជាសាធារណៈនោះទេ។ យ៉ាងណាក៏នាងបានទទួលស្គាល់ថា អ្នកស្រីផាន់ អៀង ម្ដាយរបស់ខ្លួនពិតជាមានជំងឺធ្វើឲ្យនាងរន្ធត់ចិត្តរហូតដល់ហូរទឹកភ្នែក និងមិនទាន់ភ្លេចរូបភាពនោះឡើយប្រាកដមែន។ នាងថាម្ដាយរបស់ខ្លួនកើតមានអាការៈថប់ៗផ្លូវដង្ហើមចង់ស្ទះមុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ហើយក្រោយការសង្គ្រោះបន្ទាន់ម្ដាយនាងត្រូវបានគ្រូពេទ្យបញ្ជាក់ថាដោយសារតែបញ្ហាជំងឺលើសឈាមធ្វើទុក្ខ និងបញ្ហាកម្រិតគ្រាប់ឈាមសកើនឡើង ដែលនាងមិនធ្លាប់ដឹងពីមុន។ នាងថានេះជាលើកទី១ដែលនាងមានអារម្មណ៍ភ័យរន្ធត់រឿងម្ដាយ ប៉ុន្តែក៏ធ្វើឲ្យនាងសប្បាយចិត្តផងដែរ ដែលបានដឹងថាម្ដាយរបស់នាងក៏មានបញ្ហាសុខភាពប្រចាំកាយដែលនាងជាកូនច្បងត្រូវតែខំមើលថែ។ នាងថាមកទល់ពេលនេះ ម្ដាយរបស់នាងមានសុខភាពប្រសើរដូចដើមវិញហើយ ហើយត្រូវគ្រូពេទ្យកំណត់មិនឲ្យបញ្ជូនទៅព្យាបាលលើសពីនឹងទៀតទេ ក្រៅពីទាមទារឲ្យញាំថ្នាំទៀងទាត់។ នាងនិយាយថា«ឥឡូវនឹងគាត់ធូរហើយ ប៉ុន្តែមកពីខ្ញុំនៅតែចងចាំក្នុងពេលដែលពេទ្យដាក់អុកស៊ីហ្សែនគាត់ ទើបនៅតែភ័យមិនទាន់បាត់ ហើយខ្ញុំសូមបញ្ជាក់ថា ប៉ានិងម៉ាក់ខ្ញុំកន្លងមក អត់ដែលចឹងទេ ទើបពេលដែលគាត់ឈឺធ្ងន់ម្ដងហ្នឹង ធ្វើឲ្យខ្ញុំស្លុតរហូតឲ្យខ្ញុំបង្ហោះStatus នៅលើហ្វេសប៊ុកឲ្យបានធូរចិត្ត!»។
ទឹម រដ្ឋា ប្រាប់ថា ម្ដាយរបស់ខ្លួននឹងគ្មានអាការៈដូចដែលបានកើតឡើងទៀតទេ ឲ្យតែអ្នកស្រីកុំគិតច្រើន និងពិសារថ្នាំដែលបានកំណត់ឡើងទៀងទាត់។ ចឹងហើយទើបនាងតាំងចិត្តធ្វើឲ្យនាងសប្បាយចិត្ត ដើម្បីកុំឲ្យជំងឺធ្វើទុក្ខ។ នាងនិយាយថា«ពេទ្យថាម៉ាក់ខ្ញុំគាត់ឡើងថប់ៗរហូតដល់ដាក់អុកស៊ីហ្សែននឹង គឺដោយសារតែគាត់ឡើងឈាម និងលើសគ្រាប់ឈាមស ប៉ុន្តែគាត់អត់ចាំបាច់ត្រូវទៅព្យាបាលអីទៀតទេ សំខាន់ឲ្យតែគាត់ញាំថ្នាំទៀងទាត់!»។ ទឹម រដ្ឋា ប្រកាន់ជំហរមើលថែម្ដាយឲ្យមានសុខភាពល្អ ដោយក្នុងនោះក៏នឹងប្រឹងរកប្រាក់ឲ្យបានកាន់តែច្រើន ដើម្បីឲ្យជីវិតប្រសើរឡើង និងដើម្បីឲ្យម្ដាយបានសប្បាយចិត្តបន្ទាប់ពីនេះ៕
មតិយោបល់