ព័ត៌មានជាតិ

ក្មេងប្រុសស្រី២នាក់ទៀតហើយ ដែលលង់ទឹកស្រះស្លាប់ក្នុងពេលតែមួយ!

សៀមរាបៈ លោកអធិការស្រុកពួកបានប្រាប់Post Newsថា មានករណីក្មេងប្រុសស្រី២នាក់ លង់ទឹកស្លាប់ក្នុងទឹកស្រះស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះទៅធ្វើការពិនិត្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុ ភូមិគោកស្រម៉ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ទាំង២នាក់ខាងលើនេះ ទី១មានឈ្មោះ គី សុផាន ភេទស្រី អាយុ៩ឆ្នាំ មុខរបរសិស្សថ្នាក់ទី២ និងទី២ឈ្មោះ ធឿន សុផានិត ភេទប្រុស អាយុ៥ឆ្នាំ រស់នៅភូមិគោកស្រម៉ ឃុំល្វា ជាមួយគ្នា (ត្រូវជាបងប្អូនជីដូនមួយ)។ ចំណែកទឹកស្រះដែលក្មេងទាំង២នាក់លង់ទឹកស្លាប់ខាងលើ មានទទឹង ១០ម៉ែត្រ បណ្តោយ១០ ម៉ែត្រ ជម្រៅ១,៧០ ម៉ែត្រ នៅខាងជើងផ្ទះជនរងគ្រោះចំងាយ១៥០ម៉ែត្រ។

ក្នុងនោះដែរ សមត្ថកិច្ចបានបញ្ជាក់ពីមូលហេតុ គឺក្មេងទាំង២នាក់ចុះមុជទឹកស្រះដោយកន្លងមកធ្លាប់ចុះមុជទឹកស្រះនេះដែរ។

តាមការសាកសួរពីឪពុកម្តាយបានឲ្យដឹងថា ពួកគាត់បានបាត់កូននៅម៉ោងប្រហែល ១រសៀល តែមិនបានរកទេ។ លុះម៉ោង៤ល្ងាច ទើបរកកូនបានឃើញខោអាវ នៅមាត់ស្រះ ក៏នាំគ្នាចុះរាវរកតែម្តង ទើបឃើញសាកសពទាំង២នាក់ខាងលើ។

បច្ចុប្បន្នសាកសពក្មេងទាំង២នាក់ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់