កំពង់ធំៈ លោក ចាន់ លាងហៃ ត្រូវបានឃាត់ខ្លួនពីប្រទេសវៀតណាម កាលវេលាម៉ោង ១០និង៣០នាទី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០១៦ នៅទីក្រុងហាណូយ ប្រទេសវៀតណាម បន្ទាប់ពីបានប្រើហិង្សាដោយប្រើអាវុធទៅលើស្រ្តីម្នាក់ ក្នុងពិធីជប់លៀងមួយ ដោយបានយកកែវគុបចំក្បាលស្រ្តីរូបនោះ បង្កឲ្យទទួលរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរប៉ះពាល់ផ្ទៃមុខ និងក្បាល ហើយបានឡើងជិះរថយន្តបើកទៅ រមណីយដ្ឋានព្រៃប្រស់ ទុករថយន្តចោល ហើយបានរត់គេច ខ្លួនរហូតមកដល់ពេលនេះ ហើយត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ នៅវេលាម៉ោង ១១និង១៥នាទី យប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦។
លោក ចាន់ លាងហៃ ជាជនសង្ស័យ អាយុ ២៥ឆ្នាំ នៅលីវរស់នៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានឪពុកឈ្មោះ ចាន់ កុកលន់ ម្តាយឈ្មោះ ឈៀក ស៊ីណៃ ជនសង្ស័យ ចាន់ លាងហៃ ត្រូវបានឃាត់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ឃន សុកល ប្រធានសាលាដំបូងខេត្តកំពង់ធំ និងជាចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ធំ លេខ១៨៩/២០១៥ សំណុំរឿង លេខ៣១៩ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ ត្រូវបានផ្តន្ទាទោសតាមបញ្ញាតិ មាត្រាលេខ២១៨នៃក្រមព្រហ្មទណ្ឌ។
សូមបញ្ជាក់ផងដែរថា លោក ចាន់ លាងហៃ គឺជាកូនប្រុសរបស់លោក ចាន់ កុកលន់ ជាថៅកែរោងម៉ាស៊ីនកិនស្រូវ និងជាមនុស្សមានឈ្មោះបោះសំលេង ល្បីល្បាញក្នុងខេត្តកំពង់ធំ បានរកស៊ីភាគហ៊ុនជាមួយស្រ្តីរងគ្រោះ ដែលត្រូវបានកូនប្រុសរបស់លោក យកកែវស្រាគុបចំពីមុខ បែកកែវស្រា បង្កឲ្យរបួស កាលពីអំឡុងខែមេសា ឆ្នាំ២០១៥ បន្ទាប់មកកូនប្រុសរបស់លោក កុក លន់ បានរត់គេចខ្លួនបាត់ស្រមោល ទើបតែសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនបាន ហើយនិងបញ្ជូនមកស្នងការខេត្តកំពង់ធំ ដើម្បីរងចាំបញ្ជូនទៅពន្ធនាគារខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦៕
មតិយោបល់