កំពង់ធំៈ សមត្ថកិច្ចនៃអធិការដ្ឋានស្រុកប្រាសាទបាល័ង្គ សហការជាមួយប៉ុស្តិ៍រដ្ឋបាល ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់ ពីបទលួចម៉ូតូរបស់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង៥និង ១៧នាទី ល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានខាងលើនេះ មានឈ្មោះ ហ៊ីង ឈឿន ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅក្នុងភូមិសំព័រតូច ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។ និងជនសង្ស័យទី២ ឈ្មោះ សោន ឆាន ភេទប្រុស អាយុ១៨ឆ្នាំ គេចខ្លួនបាត់ ។
យោងតាមប្រភពព័ត៌មានពីជនរងគ្រោះឈ្មោះ ស្វាយ សឿ ភេទប្រុស អាយុ៦៣ ឆ្នាំ ស្នាក់នៅភូមិបុស្សវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់កំពុងអង្គុយជុំគ្នាជាមួយនឹងបងប្អូននៅលើផ្ទះ ស្រាប់តែមានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក វ៉េវអាល់ហ្វា បាត់ម៉ូតូរបស់គាត់ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ បានសម្រេច ហើយព្យាយាមបើកម៉ូតូរត់គេចខ្លួន ប៉ុន្តែតែត្រូវបានប្រជាពលរដ្ឋដែបានឃើញហេតុការណ៍នាំគ្នាស្ទាក់ចាប់ឃាត់ខ្លួនបានម្នាក់ វាយស្វាគមន៍ម្នាក់មួយដៃមួយជើង ចំណែកបក្សពួក១ម្នាក់ឃើញសភាពការណ៍មិនស្រួលក៏ប្រញាប់រត់គេចខ្លួនយកទាំងម៉ូតូជនរងគ្រោះគេចខ្លួនបាត់តែម្តង ។
ចំណែកជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់ អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ សាលាដំបូងខេត្ត ចាត់ការនិងផ្តន្ទាទោសតាមផ្លូវច្បាប់ ចំណែកបក្សពួកម្នាក់ទៀតដែលគេចខ្លួន សមត្ថកិច្ចកំពុងតែបើកការស្រាវជ្រាវដើម្បីតាមចាប់ខ្លួនយកមកផ្តន្ទាទោស ៕
មតិយោបល់