មន្ត្រីបំរើការងារនៅមន្ទីរបរិស្ថានខេត្តព្រះសីហនុ បានខ្សឹបប្រាប់មក នាយក្តាមប្រៃ យើងឲ្យដឹងថា លោកប្រធានមន្ទីរបស់ខ្លួន បានឃុបឃិតជាមួយពួកឈ្មួញទុច្ចរិត នឹងជាអ្នកដែលស្ថិតនៅពីក្រោយខ្នងនៃសកម្មភាពកាប់ឈើល្មើសច្បាប់នៅតំបន់ អភិរក្ស អន្លង់ក្រពើ ក្នុងស្រុកព្រៃនប់។
មន្ត្រីបរិស្ថាននៅខេត្តព្រះសីហនុបាន ខ្សឹបប្រាប់ នាយក្តាមប្រៃ យើងឲ្យដឹងទៀតថា តំបន់អភិរក្សអន្លង់ក្រពើ ក្នុងស្រុកព្រៃនប់ មិនងាយមានប្រជាពលរដ្ឋធម្មតាណាម្នាក់អាចចូលទៅកាប់ឈើ ហើយដឹកជញ្ជូនចេញពីក្នុងព្រៃយកទៅលក់នៅតាមដេប៉ូផ្សេងៗបានដោយរលូនឡើយ ព្រោះសមត្ថកិច្ចជំនាញសុទ្ធតែបានឈរជើងនៅជុំវិញតំបន់អភិរក្សនោះ។
មន្ត្រីបរិស្ថានទាំងនោះបានខ្សឹបទៀតថា ក្នុងករណីមានអ្នកចួលទៅកាប់ឈើក្នុងតំបន់អភិរក្សអន្លង់ក្រពើនោះ ប្រាកដជាមានការជាប់ពាក់ព័ន្ធជាមួយមន្ត្រីមានអំណាច ពិសេសប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុតែម្តង ព្រោះបើគ្មានការឃុបឃិត អ្នកចូលកាប់ឈើនឹងមិនអាចធ្វើសកម្មភាពកាប់ឈើហើយដឹកចេញពីក្នុងតំបន់អភិរក្សបានយ៉ាងរលូនរហូតដល់សព្វថ្ងៃនេះឡើយ។
ក្រុមមន្ត្រីនៃមន្ទីបរិស្ថានខេត្តព្រះសីហនុ បានខ្សឹបមកនាយក្តាមប្រៃ ថា តាមតែពួកគាត់បានដឹងតាមសំដីអ្នកដឹកជញ្ជូនឈើ បានបង្ហើបថាពួកគាត់បានបង់លុយឲ្យប្រធានមន្ទីបរិស្ថាន ពួកមន្ត្រីអភិរក្សអន្លង់ក្រពើអស់ហើយ ទើបពួកគាត់អាចកាប់ និងដឹកជញ្ជូនឈើចេញមកពីតំបន់នោះបាន។
ក្រុមមន្ត្រីបរិស្ថានខេត្តព្រះសីហនុ បានខ្សឹបប្រាប់ទៀតថា ករណីចូលកាប់ឈើនៅក្នុងតំបន់អភិរក្សអន្លង់ក្រពើ ក្នុងស្រុកព្រៃនប់នោះ មានរូបភាពពីរយ៉ាង គឺទីមួយ ពួកឈ្មួញ និងមន្ត្រីខិលខូចឃុបគ្នា ឲ្យប្រជាពលរដ្ឋចូលកាប់ឈើ ដើម្បីយកមកលក់ឲ្យពួកគេ ដែលចាំទិញនៅខាងក្រៅតំបន់អភិរក្ស និងករណីទីពីរ ពួកឈ្មួញ និងមន្ត្រីខិលខូចចង់ឲ្យប្រជាពលរដ្ឋចូលកាប់ឈើនៅក្នុងតំបន់អភិរក្ស ដើម្បីមានឱកាសទន្ទ្រានយកដី ព្រោះសព្វថ្ងៃនេះដីនៅខេត្តព្រះសីហនុមានតម្លៃកាន់តែថ្លៃ និងតម្រូវការដីក៏កាន់តែច្រើនផងដែរ ជាហេតុធ្វើឱ្យពួកអ្នកមានអំណាច បុណ្យស័ក្កិ ឃុបឃិតគ្នា កាប់ទន្ទ្រាន យកដីចែកគ្នាធ្វើកម្មសិទ្ធ។
រឿងរ៉ាវនេះ នាយក្តាមប្រៃយើង មិនធ្វើអត្ថាធិប្បាយអូសបន្លាយអ្វីទេ នាយក្តាមគ្រាន់តែទទួលការខ្សឹបប្រាប់មន្ត្រីបរិស្ថានខាងលើតែប៉ុណ្ណោះ ដើម្បីបានជាព័ត៌មានជ្រាបទៅដល់លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹងពីសកម្មភាពមន្ត្រីថ្នាក់ក្រោម៕
មតិយោបល់