ព័ត៌មានជាតិ

លទ្ធផលបើកលឿន! ឡិចស៊ីសពន្លះក្បាលព្រួញចែកទ្រូងផ្លូវដូចរន្ទះ មើលលែងយល់…

ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីរថយន្តស៊េរីទំនើបមួយគ្រឿង បើកបរក្នុងល្បឿនលឿន ជ្រុលចង្កូតទៅបុកនឹងក្បាលព្រួញចែកទ្រូងលាន់ដូចរន្ទះ បណ្ដាលឲ្យរថយន្តនិងក្បាលព្រួញរងការខូចខាតយ៉ាងដំណំ។ ចំណែកអ្នកជិះក្នុងរថយន្តបាននាំគ្នាប្រញាប់ដាក់មេប្រ៉ូចបាត់អស់តែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង៣៣នាទីយប់ ថ្ងៃទី២៥ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង ផ្លូវលេខ២៤៥ កែងនឹងផ្លូវត្រសក់ផ្អែម ផ្លូវលេខ៦៣ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមសម្ដីរបស់ប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បានបើករថយន្ដមួយគ្រឿងម៉ាក LEXUS RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-7752 បើកបរដោយបុរស រួមដំណើរជាមួយនិងនារីម្នាក់ទៀត ក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ រថយន្តបានរេចង្កូត ទៅបុកនឹងក្បាលព្រួញចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរងការខូចខាតរថយន្ដ និងក្បាលព្រួញចែកទ្រូងផ្លូវអស់ចំនួន២កង់។ បន្ទាប់មកអ្នកបើករថយន្តបង្កបាន ដាក់មេប៉្រូចរត់គេចខ្លួនបាត់ស្រមោលតែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍បានចុះមកវាស់វែងនិងយករថយន្ដខាងលើនេះ ទៅរក្សាទុកនៅឯស្នងការរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាតាមនិតិវិធីច្បាប់៕

មតិយោបល់