ព័ត៌មានជាតិ

រថយន្តសង្រ្គោះរបស់អង្គភាព៧១១ត្រូវគ្រូពេទ្យនៅមន្ទីរពេទ្យរុស្ស៊ីបញ្ជាកងកម្លាំងឃាត់រថយន្ត ក្រោយគ្រូពេទ្យនៅទីនោះអង្គុយច្រត់ចង្ការមិនអើពើ

ភ្នំពេញ: ក្រុមគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យរុស្ស៊ី រងការរិះគន់ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ក្រោយពីមានបុគ្គលពេទ្យចំនួន២ទៅ៣នាក់ ដែលប្រចាំការនៅមន្ទីរពេទ្យខាងលើ បានបញ្ជាឲ្យកងកម្លាំងឃាត់រថយន្តរបស់អង្គភាព៧១១ ក្រោយពីរថយន្តសង្រ្គោះរបស់អង្គភាព៧១១ បានបញ្ជូនស្រ្តីរងគ្រោះម្នាក់ទៅកាន់មន្ទីរពេទ្យខាងលើ ដើម្បីសូមឲ្យជួយសង្រ្គោះ តែបែរជាគ្រូពេទ្យប្រចាំការនៅទីនោះ អង្គុយច្រត់ចង្ការមើលធ្វើមិនដឹង មិនអើពើ មិនរវល់ លុះដល់ក្រុមសមាជិកសង្រ្គោះបឋមប្រចាំរថយន្តសង្រ្គោះរបស់អង្គភាព សួរនាំនិងថតរូបភាព ក៏ត្រូវបានលោកគ្រូពេទ្យប្រចាំការក្នុងវេនបញ្ជាឲ្យកងសន្តិសុខ ចាប់ឃាត់រថយន្ត សង្រ្គោះរបស់អង្គភាពកងពលតូចលេខ៧០តែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង១០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ រហូតក្រោយកើតហេតុ រយ:ពេល២០នាទី ដោយមានការអន្តរាគមន៍ពីថ្នាក់ដឹកនាំតាមបណ្តាអង្គភាព ទើបដោះលែងរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដែលជារថយន្តសង្គ្រោះមនុស្សធម៌ឥតគិតថ្លៃនេះ ឲ្យត្រឡប់ទៅវិញ។

ប្រភពមួយបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ បងប្អូនប្រជាពលរដ្ឋបានទូរសព្ទហៅ ស្នើសុំឲ្យរថយន្តសង្រ្គោះ របស់សម្តេចកតិព្រឹទ្ធបណ្ឌិត ឲ្យជួយអន្តរាគមន៍ ជួយសង្គ្រោះស្រ្តីម្នាក់ មានឈ្មោះ ព្រុំ ស្រីម៉ៅ អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅ ភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ មានស្រុកកំណើតភូមិអង្គតាអោក ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង បន្ទាប់ពីស្រ្តីរងគ្រោះរូបនេះ មានបញ្ហាផ្នែកសុខភាព ធ្លាក់ឈាម តាមទ្វារមាស រហូតដល់ខ្សោះ ស្លេកស្លាំង ហើយក្រុមគ្រួសារ និងពលរដ្ឋក្បែរខាងយកទៅគ្លីនិកក្បែរនោះ តែគ្មានពេទ្យឯកជនណាមើលនោះឡើយ សូម្បីតែរថយន្តពេទ្យឯកជនមិនជួយផង ទើបពលរដ្ឋហៅរករថយន្តសង្រ្គោះរបស់អង្គភាព ៧១១មកសង្គ្រោះ។

ប្រភពដដែលបន្តទៀតថា ពេលដែលរថយន្តសង្រ្គោះ ដឹកបញ្ជូនទៅដល់មន្ទីរពេទ្យរុស្ស៊ីហើយនោះ បែជាគ្រូពេទ្យប្រចាំការនៅទីនោះ សុខចិត្ត អង្គុយច្រត់ចង្ការធ្វើតែមិនដឹង មិនរវល់ មិនអើពើ សង្ស័យយល់ថា ជនរងគ្រោះ ក្រពេកហើយមិនដឹង ហើយទង្វើបែបនេះ ដោយពិបាកភ្នែកមើលពេក ភ្នាក់ងារសង្រ្គោះតាមរថយន្ត ក៏សាកសួរនាំ និងថតរូបភាព ក្រុមសង្រ្គោះ បែជាគ្រូពេទ្យប្រចាំការអសីលធម៌ និងបុគ្គលិក ជំនួយ ខឹងសម្បារ ឈានដល់បញ្ជាកងសន្តិសុខមន្ទីរពេទ្យ ចាប់ឃាត់ រថយន្តសង្រ្គោះ៧១១ទុកទៅវិញ រហូតអស់រយ:ពេលជិត១ម៉ោង ផ្អើលដល់អ្នកសារព័ត៌មាន ថ្នាក់ដឹកនាំតាមអង្គភាពពាក់ព័ន្ធ ឃើញសភាពមិនស្រួល ខ្លាចមន្ទីរពេទ្យរុស្សីស្អុយឈ្មោះដោយសារបុគ្គល គ្រូពេទ្យ២ទៅ៣នាក់ គ្មានសីលធម៌ បង្កឲ្យប្រជាពលរដ្ឋព្រួយបារម្ភ ទើបដោះលែង រថយន្តសង្រ្គោះ ខាងលើ ឲ្យបម្រើសេវាសាធារណ:ដោយឥតគិតថ្លៃ នេះទៅវិញ ៕

មតិយោបល់