ព័ត៌មានជាតិ

មុខសញ្ញាជំនាញកាច់សោក ម៉ូតូម្នាក់ ត្រូវទ្រោមខ្លួនបន្ទាប់ពីលួចមិនបានសម្រេច

ភ្នំពេញ: ជនរងគ្រោះម្នាក់បានជិះម៉ូតូមកឈប់មុខផ្ទះ ចុះដើរទៅបើកទ្វារចូលដោយមិនបានដកសោចេញ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ មកជិះចេញទៅឃើញដូចនេះ ក៏ស្ទុះទៅទាញចង្កូតបណ្តាលឲ្យដួលភ្លាមនោះ ជនសង្ស័យក៏ស្ទុះមកវាយជនរងគ្រោះមួយប្រាវ ទើបអ្នកជិតខាងឃើញមកជួយចាប់ជាប់ប្រគល់ជូននគរបាលតែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងបុរីពិភពថ្មីកំបូល ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ស៊ុ វាសនា ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅសង្កាត់កន្ទោក ខណ្ឌកំបូល មានស្រុកកំណើតនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោល រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ជន កុសល ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរលក់ដីឡូត៍ ស្នាក់នៅបុរីពិភពថ្មី សង្កាត់កន្ទោក ខណ្ឌកំបូល ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានជិះម៉ូតូហុងដា ឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HH 7726 មកឈប់នៅមុខផ្ទះ បន្ទាប់មកចុះពីលើម៉ូតូដោយមិនបានដកសោចេញ ហើយដើរទៅបើកទ្វារផ្ទះភ្លាមនោះ ស្រាប់តែមានជនសង្ស័យម្នាក់ដើរមកឡើងជិះបញ្ឆេះម៉ូតូជិះចេញទៅ តែរូបគាត់ឃើញទាន់ក៏ស្ទុះទៅចាប់ដៃចង្កូតបណ្តាលឲ្យដួលម៉ូតូ ។
ភ្លាមនោះជនសង្ស័យក៏ស្ទុះមកវាយទើបធ្វើឲ្យតដៃមួយប្រាវ ជនសង្ស័យក៏ព្យាយាមរត់គេចខ្លួន តែត្រូវបានប្រជាពលរដ្ឋដេញចាប់ជាប់តែម្តង។

ក្រោយកើតហេតុជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌ ចាត់ការតាមច្បាប់៕

មតិយោបល់