ព័ត៌មានជាតិ

បុរសម្នាក់ ខ្លាចប៉ូលិសចាប់ ចងកសម្លាប់ខ្លួន!

កំពង់ស្ពឺៈ លោកអធិការរងស្រុកថ្ពង បានប្រាប់ Post Newsថា បុរសម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ក្រោយពីបានធ្វើសកម្មភាពចាក់អតីតមេប៉ុស្តិ៍ជំពូព្រឹក បណ្តាលឲ្យរបួស រួចរត់គេចខ្លួនបាត់ដោយសារតែខ្លាចរអា នឹងសមត្ថកិច្ចឃាត់ខ្លួន។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង៣០នាទី យប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភ្នំបាងាំ ភូមិថ្មីជង្រុក ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះដែលស្លាប់ខាងលើនេះ មានឈ្មោះ ប៊ី សារ៉ុន ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិជំពូព្រឹក ឃុំជំពូព្រឹក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានយកខ្សែនីឡុងពណ៌ខ្មៅ ចងកជាប់នឹងដើមរការ កំពស់ ២,៥០ ម៉ែត្រ ខាងត្បូងភូមិចម្ងាយ៣គីឡូ ម៉ែត្រ។

ក្នុងនោះដែរ សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលជនរងគ្រោះខាងលើធ្វើអត្តឃាតចងកសម្លាប់ខ្លួន គឺដោយសារតែជនរងគ្រោះភ័យខ្លួន ពិបាករស់នៅ ខ្លាចប៉ូលិសចាប់ ព្រោះខ្លួនបានចាក់ អតីតមេប៉ុស្តិ៍ជំពូព្រឹកឈ្មោះ ឯម សាម៉េត រងរបួសធ្ងន់ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ ហើយរួចរត់គេចខ្លួនរហូត។ លុះដល់ម៉ោង៧និង៣០នាទី យប់កើតហេតុ ទើបមានប្រជាពលរដ្ឋដើររកគោនៅលើភ្នំ ក៏ប្រទះឃើញសពតែម្តងទៅ។

បើតាមនគរបាលបច្ចេកទេសធ្វើកោសល្យវិច័យ សពមានសភាពហើមស្អុយទៅហើយ ហើយប្រហែលជាចងកសម្លាប់ខ្លួនតាំងពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ មកម្ល៉េះ៕

មតិយោបល់