ព័ត៌មានជាតិ

រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន វីរៈប៊ុនថាន់ បុកបុរសម្នាក់កំពុងដើរឆ្លងផ្លូវ បណ្តាលឲ្យរបួសធ្ងន់

ពោធិ៍សាត់: លោក ឯម រុន អធិការស្រុកក្រគរបានប្រាប់ Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន វីរ: ប៊ុនថាន់ បានបើកទៅបុកបុរសម្នាក់ ដែលកំពុងដើរថ្មើរជើងបណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១៥៩-១៦០ ស្ថិតនៅភូមិសារវ័ន្ត ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនដឹកអ្នកដំណើរ របស់ក្រុមហ៊ុន វីរ:ប៊ុនថាន់ ម៉ាកតូយ៉ូតា ពាក់ស្លាកលេខ ភ្នំពេញ 2AK-2613 ពណ៌ស បើកបរដោយឈ្មោះ ហាក់ សុខហេង អាយុ៣៨ឆ្នាំ ភេទប្រុស ស្នាក់នៅភូមិ ព្រៃភ្ញី ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្ត តាកែវ បើកបរក្នុងទិសដៅពីលិចទៅកើត លុះបានមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានជ្រុលល្បឿនទៅបុកបុរសម្នាក់ឈ្មោះ ម៉ៅ រ៉ា អាយុ៣២ឆ្នាំ ភេទប្រុស ស្នាក់នៅភូមិបេង ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលកំពុងដើរឆ្លងថ្នល់ពីជើងទៅត្បូង បណ្តាលឲ្យក្រពឹតរថយន្តបន្តិចបន្តួច ចំណែកជនរងគ្រោះវិញរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើការវាស់វែង យករថយន្តទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីបង្កសំណុំរឿងបញ្ជូនទៅការិយាល័យនគរបាលចរាចរណ៍ខេត្តពោធិ៍សាត់ ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់