ភ្នំពេញៈ នគរបាលខណ្ឌពោធិ៍សែនជ័យ បំបែកសុំណុំរឿងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រើដាវកាប់លើបុរសម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ ហើយជនសង្ស័យរត់ទៅលាក់ខ្លួននៅស្រុកសំរោងទង។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៧និង២០នាទីយប់ នៅចំណុចប្លុកផ្ទះជួលបុរីសឡា ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ណែម ឌៀ អាយុ៣២ឆ្នាំ មុខរបរ មេការសំណង់ ស្នាក់នៅ ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិរកាទង ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ចំណែកជនសង្ស័យឈ្មោះ គង់ គីម ហៅអាវែង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភំ្នពេញ។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ ជនរងគ្រោះនិងមិត្តភក្តិម្នាក់ទៀតបានជិះម៉ូតូចេញពីបន្ទប់ជួលកន្លែងកើតហេតុខាងលើ ដើម្បីទៅទិញទឹកត្នោតជូរ នៅក្បែរស្រះព្រះទន្លេ ក្រោយរោងចក្រតំឡើងម៉ូតូហុងដា រួចហើយក៏ត្រឡប់មកបន្ទប់វិញ ក៏ត្រូជនសង្ស័យមានគ្នា៣នាក់ទាញដាវ១ដើមកាប់ទៅលើជនរងគ្រោះ ចំនួន៣ដាវបណ្តាលឲ្យរបួសធ្ងន់២កន្លែង ថ្ពាលចំហៀងមុខខាងឆ្វេង១កន្លែងក្បាល១កន្លែង។
ហើយរហូតមកដល់ពេលនេះកម្លាំងប៉ុស្តិ៍ចោមចៅ បានសហការជាមួយកម្លាំងអន្តរាគមន៍នៃអធិការខណ្ឌពោធិ៍សែនជ័យ បានចាប់ជនដៃដល់បាននៅថ្ងែទី ១៣ ខែ ឧសភា ឆ្នាំ ២០១៧ វេលាម៉ោង ៩និង៣០នាទីព្រឹក នៅភូមិ អូតានន ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្តឺ។
បច្ចុប្បន្នជនរងគ្រោះកំពុងនៅបន្ទប់សង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យកាលម៉ែត៕
មតិយោបល់