ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ បានជិះម៉ូតូ ប៉ះដៃចង្កូតជាមួយនឹងរថយន្តកុងតឺន័រ បណ្តាលឲ្យដួលខ្ទាតចូលក្រោមរថយន្តកិនធ្លាយពោះវៀនចេញមកខាងក្រៅ ស្លាប់មួយរំពេចយ៉ាងរន្ធត់បំផុត។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទី យប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ សុទ្ធ សុក្រឹត ភេទប្រុស អាយុប្រមាណ២៧ឆ្នាំ មានមុខរបរជាអ្នកបើកបររថយន្ត និងមានទីលំនៅ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
តាមសមត្ថកិច្ចជំនាញ បាននិយាយថា ក្រោយសាកសួរប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានឲ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះជិះ ម៉ូតូមួយគ្រឿងម៉ាកហុងដាគុបជ្រុងសេ៩០ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ស្ពឺ 1E-3282 ម្នាក់ឯង បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុ បុរសរងគ្រោះខាងលើ បានជែងគេឯង ហើយជ្រុលទៅទាក់ដៃចង្កូតជាមួយរថយន្តមួយគ្រឿង ធន់ធំប្រភេទដឹកទំនិញម៉ាក HINO យីឌុប ពណ៌បៃតងលាយស ពាក់ស្លាកលេខ ព្រះសីហនុ 3A-0646 ដោយដឹកទំនិញពេញរថយន្ត បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅ ពីកើតទៅលិច បណ្តាលឲ្យ ជនរងគ្រោះដួលម៉ូតូចេញ ឯមនុស្ស ខ្ទាតចូលទៅក្រោមកង់រថយន្ត កិនធ្លាយពោះវៀនស្លាប់ភ្លាមៗ នៅកន្លែងតែម្ដង ឯម៉ូតូរងការខូចខាតបន្តិចបន្តួច។
ក្រោយកើតហេតុ សពត្រូវបានសមត្ថកិច្ចទទួលផែនចរាចរណ៍ ចុះស្រាវជ្រាវរកសាច់ញាតិ ដើម្បីមកទទួលដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត។ ចំណែកឯរថយន្តនិងម៉ូតូត្រូវបាននគរបាលជំនាញធ្វើការវាស់វែង រួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលចរាចរណ៍រាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយតាមផ្លូវច្បាប់៕
មតិយោបល់