ឃាត់ខ្លួនជនជាតិឡាវម្នាក់ ជាមួយគ្រឿងញៀនជិត១គីឡូក្រាម

ស្ទឹងត្រែង: អាវុធហត្ថខេត្តធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាជនជាតិឡាវ ព្រមទាំងដកហូតថ្នាំញៀនមួយកញ្ចប់ធំ ត្រង់ចំណុចដុងក្រឡរ ផ្លូវបំបែកធ្វើថ្មីព្រំដែន ស្ថិតក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង កាលពីវេលាព្រឹកម៉ោង០៩:២០នាទីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ ព្រមទាំងបញ្ជូនខ្លួនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តធ្វើការសួរនាំបន្ថែម។

អាវុធហត្ថបានប្រាប់ឲ្យដឹងថា មុននឹងឈានដល់ការឃាត់ខ្លួនខាងលើនេះ កម្លាំងយើងបានរៀបចំភ្នាក់ងារតាមឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ព្រមទាំងដាក់បណ្តាញតាមស៊ើបអង្កេតជាច្រើនថ្ងៃ និងដោយប្រើវិធានញុះញង់ឲ្យមានការលក់ និងការទិញ ទើបអាចកំណត់មុខសញ្ញាបាន រួចធ្វើការឃាត់ខ្លួន ខណៈដែលជនសង្ស័យធ្វើសកម្មភាពតែម្តង។

ក្រោយការឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងអាវុធហត្ថ បានបញ្ជូនខ្លួនមកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសួរនាំ និងធ្វើតេសរកសារធាតុញឿន ដោយមានការចូលរួមពីសំណាក់លោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។

អាវុធហត្ថបន្តថា ការចុះបង្ក្រាបករណីខាងលើនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យទី១ឈ្មោះ ខាំមៃ សៃញ៉ាវង់ ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិឡាវ រស់នៅភូមិគីណាក់ ស្រុកមឿងខូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ ព្រមទាំងដកហូតបានវត្ថុតាងរួមមានថ្នាំញៀនប្រភេទម្សៅមេតំហ្វេតូមីន ពណ៌ស ថ្លា(ម៉ាទឹកកក) ចំនួនមួយកញ្ចប់ធំ ដែលមានទម្ងន់ជិតមួយគីឡូក្រាម រួមនឹងម៉ូតូមួយគ្រឿងម៉ាកវេវ ស្លាកលេខឡាវផងដែរ។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានអាវុធហត្ថរៀបចំកសាងសំណុំរឿងព្រមទាំងបញ្ជូនខ្លួនបន្តទៅកាន់តុលាការដាក់ទោសទៅតាមនិតិវិធីនៃច្បាប់៕

photo_2016-05-19_11-46-00 photo_2016-05-19_11-46-03 photo_2016-05-19_11-46-01 (2) photo_2016-05-19_11-46-01 photo_2016-05-19_11-45-59 photo_2016-05-19_11-46-03 (2) photo_2016-05-19_11-46-02

មតិយោបល់