ភ្នំពេញៈ បុរសជាចុងភៅតាមរោងការម្នាក់ ស្រវឹងស្រាទាំងព្រឹក បានបើកម៉ូតូមួយគ្រឿងឌុបអ្នកធ្វើការជាមួយគ្នាចំនួនពីរនាក់ទៀតខាងក្រោយ បានបើកទៅបុកម៉ូតូមួយគ្រឿងឱ្យដួល ហើយបន្តទៅបុករថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស្ស័រ ដែលចតនៅស្ងៀមបណ្តាលឲ្យកំពិត និងធ្លាក់កាងខាងក្រោយរងការខូចខាតយ៉ាងដំណំ ម្ចាស់រថយន្តទាសំណងចំនួន ២ពាន់ដុល្លារ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង២៥នាទីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ នៅខាងមុខផ្ទះលេខ១៣១៩ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុបុរសម្នាក់ឈ្មោះ ទេព ឡុង អាយុ៥០ឆ្នាំ មានមុខរបរជាចុងភៅការ មានទីលំនៅក្នុងភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា បានបើកបរម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល១Q-១៧៣៤ មួយគ្រឿង ក្នុងទិសដៅពីជើងទៅត្បូង ដោយមានឌុបបុរសជាចុងភៅដូចគ្នាចំនួន២នាក់ទៀត ខាងក្រោយផងដែរ។
លុះមកដល់កន្លែងកើតហេតុក៏បានរេចង្កូតទៅប៉ះដៃចង្កូត ម៉ូតូម៉ាក ហុងដា CD ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ១FH-៤៩៦០ មួយគ្រឿង ឲ្យដួលនិងបន្តទៅបុករថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស្ស័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ២AL-២០២២ មួយគ្រឿងដែលម្ចាសដាក់ចតនៅស្ងៀមខាងមុខផ្ទះ បណ្តាលឲ្យកំពិត និងធ្លាក់កាងខាងក្រោយរងការខូចខាតយ៉ាងដំណំ និងបណ្តាលឲ្យបុរសវ័យចំណាស់រូបនោះ រងរបួសដាច់ចង្ការហូរឈាមស្រោចពេញខ្លួន។
ក្រោយពេលកើតហេតុ កម្លាំងមានសម្ថកិច្ចជំនាញចរាចរណ៍ក៏បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងរកខុសត្រូវរួច ក៏ឲ្យភាគីខាងម៉ូតូទាំងពីរគ្រឿង ធ្វើការដោះស្រាយជាមួយនិងភាគីខាងរថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស្ស័យរងគ្រោះទារសំណងចំនួន ២ពាន់ដុល្លារ ចរចាគ្នាជាច្រើនម៉ោងហើយភាគីម៉ូតូពុំមានលទ្ធភាពសងក៏បញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាជាបន្តទៅទៀត៕





មតិយោបល់