ភ្នំពេញៈ គ្រោះថ្នាក់ចរាចរមួយបានកើតឡើង ដោយសារការបើកបរនៅផ្លូវបែកជា៤ ក្នុងល្បឿនលឿន ខណៈរថយន្ដម៉ាកកូរ៉េ មួយគ្រឿងបានបុកជាមួយនិងរថយន្ដម៉ាកព្រូសមួយគ្រឿងទៀត បណ្ដាលឲ្យរថយន្ដម៉ាកកូរ៉េនោះ ក្រឡាប់ផ្ងារជើង។ ចំណែកព្រូសមិនទាន់អស់ល្បឿនបានបន្តទៅបុកម៉ូតូចំនួន៣គ្រឿងទៀត ដែលចតទុកចោល រួចបន្ដទៅបុកខ្លោងទ្វារ 4G interner បណ្ដាលឲ្យមនុស្សប្រុសស្រី៦នាក់ រងរបួសធ្ងន់ស្រាល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ និង១០នាទីយប់ ឈានចូលថ្ងៃ ១៥ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចមុខកន្លែង 4G interner តាមបណ្ដោយផ្លូវលេខ ៣៦០ កែងនិងផ្លូវលេខ១៦៣ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងទៅតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដម៉ាកព្រូស ពណ៌ស្ករមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AC-2720 បើកដោយបុរសម្នាក់ និងនារីរូបស្រស់ស្អាត៣នាក់ទៀត រួមដំណើរជាមួយគ្នា តាមបណ្ដោយផ្លូវលេខ១៦៣ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈដែលមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកជាមួយរថយន្ដកូរ៉េមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ចង្កូតស្ដាំ PP-0093 បើកដោយបុរសម្នាក់ រួមដណើរជាមួយបុរសម្នាក់ទៀត តាមបណ្ដោយផ្លូវ៣៦០ ក្នុងដៅពីកើតទៅលិច បានបុកគ្នាពេញទំហឹង នៅចំណុចផ្លូវបែកជា៤ បណ្ដាលឲ្យភាគីខាងរថយន្ដម៉ាក កូរ៉េនោះក្រឡាប់ ចំណែករថយន្ដព្រូស មិនទាន់អស់ល្បឿន ក៏បន្តទៅបុក ម៉ូតូចំនួន៣គ្រឿងទៀត ដែលចតទុកចោលរួចបន្ដទៅបុកខ្លោងទ្វារកញ្ចាក់ 4G internerខាងលើ បណ្ដាលឲ្យបែកកញ្ចាក់ធ្លុះធ្លាយចូលបណ្ដោលឲ្យបុរសដែលម្នាក់អង្គុយលេងនិងមនុស្សប្រុសស្រី៥នាក់ ដែលជិះក្នុងរថយន្ដខាងលើ រងរបួសធ្ងន់ស្រាល៦នាក់ ។
ក្រោយពេលកើតហេតុ រថយន្ដសាមុយបានដឹកនាក់របួសទៅមន្ទីរពេទ្យ ហើយសមត្ថកិច្ចជំនាញផ្នែកចររាចរណ៍បានចុះធ្វើវាស់វែង និង យករថយន្ដនិងម៉ូតូ ខាងលើទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់រងចាំដោះស្រាយទៅតាមផ្លូវច្បាប់៕
មតិយោបល់