ព័ត៌មានជាតិ

ធ្លាប់លួចសម្ភារៈ និងបាញ់កាំភ្លើងខ្យល់អុកឡុកម្ចាស់ចម្ការមិនមាត់ លើកនេះចូលលួចស្វាយអស់១តោនទ្រាំលែងបាន ប្ដឹងសមត្ថកិច្ចឲ្យចាត់ការ

ពោធិ៍សាត់: កាលពីថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ១៣ និង ០០នាទី ត្រង់ចំណុចចម្ការស្វាយរបស់ឈ្មោះ លី ឡៃហុង ស្ថិតភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិសាត់ មានករណីឆេះចម្ការស្វាយមួយកើតឡើង។

ជនរងគ្រោះឈ្មោះ ហ៊ុន ម៉េង ភេទប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិសាត់ មុខរបរម៉ៅចម្ការស្វាយរបស់ឈ្មោះ លី ឡៃហុង។

ដំណើររឿង៖ នៅវេលាកើតហេតុ ជនសង្ស័យឈ្មោះ ហម ហាក់ ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅនៅភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិសាត់
បានធ្វើសកម្មភាពលួចដុតស្មៅនៅក្នុងចម្ការស្វាយ បណ្ដាលឲ្យឆេះដើមស្វាយចំនួន៣២០ ដើម ក្នុងនោះមានផ្ទៃដីចំនួន ៣០ ហិកតា ហើយនៅពេលយប់ឡើងបានចូលលួចបេះស្វាយ ក្នុងចម្ការ អស់ប្រហែល១តោន បន្ទាប់មកនៅថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២០ ឈ្មោះ លី ឡៃហុង ភេទប្រុស អាយុ ៤៧ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិសាត់ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ហើយបានប្រាប់ថា ក្នុងអំឡុងឆ្នាំ ២០១៧ ជនសង្ស័យឈ្មោះ ហម ហាក់ ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ បានចូល ក្នុងចម្ការស្វាយរបស់ខ្លួនលួច គាសរបងលួស និងលួចអាគុយ ១០០ អំពែ ចំនួនមួយគ្រឿង និងបានយកកាំភ្លើងខ្យល់ បាញ់ចូលទៅផ្ទះខ្លួនចំនួនពីរគ្រាប់ ហើយស្រែកថាឯងឮអញបាញ់អត់។ បន្ទាប់មកថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២០ នៅវេលាម៉ោង ១២ និង ៣០នាទីយប់ ជនសង្ស័យបានចូលគាស់ ជញ្ជាំងស័ង្កសី លួចអាគុយរបស់ខ្លួន ១០០អំពែ អស់ចំនួន ៣ គ្រឿងទៀត។

មូលហេតុ៖ ជនសង្ស័យ ប្រើប្រាស់សារធាតុញៀន។

បច្ចុប្បន្ន ជនសង្ស័យត្រូវឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់