ព័ត៌មានជាតិ

ឡានដឹកថ្មមិច របស់ក្រុមហ៊ុនLS ងោកមួយភាំងជ្រុលល្បឿនទៅបុករង្វង់មូលខាំកូស៊ីធី ក្រឡាប់ផ្ងារជើង

ភ្នំពេញៈ បុរសម្នាក់ បើករថយន្តងោកមួយភាំង ជ្រុលល្បឿនទៅបុករង្វង់មូលខាំកូស៊ីធី បណ្តាលឲ្យក្រឡាប់ផ្ងារជើងចាក់ថ្មមិច ជះពេញថ្នល់បង្កការភ្ញាក់ផ្អើល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៥០នាទី យប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចខាងជើងជាប់រង្វង់មូលខាំកូស៊ីធី ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមសាក្សពីសមត្ថកិច្ចប្រចាំការគោលដៅ កើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគឺមានរថយន្តមួយគ្រឿង ម៉ាកនីសាន់ ប្រភេទ៥តោនកន្លះ ជារថយន្តដឹកថ្ម ពាក់ស្លាកលេខ ភ្នំពេញ ចង្កូតស្តាំ KPS (ក្រុងព្រះសីហនុ -0391) បើកបរតាមបណ្តោយផ្លូវឧកញ្ញ៉ាម៉ុងរិទ្ធី ទិសដៅពីលិចទៅកើត ក្នុងល្បឿនមួយយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ រថយន្តមិនបានបន្ថយល្បឿននោះទេ គួបផ្សំនឹងរង្វង់មូល មិនមានភ្លើងបំភ្លឺផង អ្នកបើកបរងងុយដេកផង បានជ្រុលទៅបុករង្វង់មូលពេញទំហឹង ក្រឡាប់ចាក់ថ្មដែលដឹកពេញលើរថយន្ត ជះពេញលើផ្លូវ និងក្រឡាប់ផ្ងារជើងតែម្តង។ ភ្លាមនោះអ្នកបើកបរបានស្វាវបន្តិច ក៏ងើបចេញពីក្នុងរថយន្តចេញមកក្រៅទាំងខ្លួនភ័យញ័រ។

សមត្ថកិច្ចបានបន្តទៀតថាក្រោយកើតហេតុភ្លាម សមត្ថកិច្ចបានឃាត់អ្នកបើកបរបានផងដែរ ទុកប្រគល់ឲ្យជំនាញចរាចរណ៍។ អ្នកបើកបររថយន្តនេះ មានឈ្មោះ វ៉ាត់ សាវ៉ាត់ អាយុ២១ឆ្នាំ ស្នាក់នៅម្តុំត្រពាំងក្រឡឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បើកឲ្យក្រុមហ៊ុនLS។

ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍ក្រុងចុះមកវាស់វែង រៀបចំឯកសារ នាំយករថយន្តនិងអ្នកបើកបរមកទុកនៅការិយាល័យចរាចរណ៍ជើងគោកដើម្បីធ្វើការដោះជាមួយសាលាក្រុង៕

មតិយោបល់