ស្វាយរៀងៈ ភ្លៀងបានបង្អុលធ្លាក់មួយសប្តាហ៍ជាប់ៗគ្នាបណ្តាលឲ្យជន់លិចផ្ទះសម្បែងផលដំណាំរបស់ប្រជាពលរដ្ឋដែលរស់នៅជាយក្រុងស្វាយរៀងចំនួន៨១៣គ្រួសារ លិចផលដំណាំស្រូវចំនួន ៦៧,៩៥ ហិកតា ហើយកំពុងគំរាមកំហែង ជន់លិចក្នុងក្រុង បើសិនភ្លៀងនៅតែធ្លាក់រាល់ថ្ងៃបន្តទៀត ហើយអាជ្ញាធរកំពុងចាត់វិធានការត្រៀមកម្លាំងសង្គ្រោះ។
លោក ឈីវ សារ៉ន អភិបាលរងក្រុងស្វាយរៀង បានឲ្យដឹងថា មកដល់ថ្ងៃទី១៣ តុលា២០១៦ ក្រុងស្វាយរៀង មានប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ សរុបចំនួន៨១៣គ្រួសារ និងលិចស្រូវចំនួន ៦៧,៩៥ ហិកតា ក្នុងនោះសង្កាត់ស្វាយរៀង រងគ្រោះចំនួន៨៦គ្រួសារ។ ហើយគ្រួសាររងគ្រោះលិចផ្ទះទាំងស្រុងភូមិរោងបន្លែ ២៨គ្រួសារត្រូវជម្លៀស មកទីទួលសុវត្ថិភាពភូមិមេភ្លើង៦ គ្រួសារជម្លៀសមកទួលសុវត្ថិភាព ដោយពួកគាត់បានសំណូមពរ ទី១អង្ករ ទី២ធុងទឹក (ទឹកស្អាតប្រើប្រាស់)ទី៣កៅស៊ូតង់ សង់តូបធ្វើជាជម្រកស្នាក់នៅបណ្តោះអាសន្ន។
សង្កាត់ព្រៃឆ្លាក់រងគ្រោះ៣៦៨គ្រួសារលិចដំណាំរួមផ្សំមួយចំនួនលិចផ្លូវកៅស៊ូ ចំនួន២ខ្សែប្រវែង២២០០ម៉ែត្រ លិចផ្លូវបេតុង១ខ្សែ ប្រវែង២៥០ម៉ែត្រនិងលិចផ្លូវក្រាលខ្សាច់ភ្នំប្រវែង១៥០០ម៉ែត្រ។ សង្កាត់គយត្របែក ប្រជាពលរដ្ឋរងគ្រោះ៣៥គ្រួសារលិចស្រូវ១ហិកតា៥០អា។ សង្កាត់ចេក ប្រជាពលរដ្ឋរងគ្រោះចំនួន ១៦៩គ្រួសារលិចស្រូវចំនួន៦៦ហិកតា៤៥អា ក្នុងនោះ៤គ្រួសាររងគ្រោះធ្ងន់ធ្ងរត្រូវសង្គ្រោះបន្ទាន់ ។សង្កាត់សង្ឃ ប្រជាពលរដ្ឋរងគ្រោះចំនួន១០០គ្រួសារ។
លោក អភិបាលខេត្ត បានឲ្យដឹងថា គ្រោះធម្មជាតិជំនន់ទឹកភ្លៀងបានជនលិចក្នុងខេត្តសរុប ០៥ក្រុងស្រុក លិចដំណាំស្រូវ ១០២,៩១១ ហិកតា ខូចខាតទាំងស្រុង២៣៩ហិកតា ដំឡូងមីខូចខាត ៦៧៥ហិកតា និងលិចផ្ទះប្រជាពលរដ្ឋសរុប ១០៥២ខ្នង។ ក្នុងនោះរួមមានទី១ក្រុងស្វាយរៀង លិច០៥សង្កាត់ ប្រជាពលរដ្ឋរងគ្រោះ៨១៣គ្រួសារ លិចដំណាំស្រូវចំនួន៦៧ហិកតា៩៥អា។ ទី២ស្រុកស្វាយជ្រំ ទឹកជន់លិចចំនួន ០៩ឃុំ ដំណាំ-ស្រូវ៦៧,៤៨០ ហិចតា ផ្ទះប្រជាពលរដ្ឋ ១៩៧គ្រួសារ។ ទី៣ស្រុកកំពង់រោទិ៍ ទឹកជន់លិចចំនួន០៨ឃុំ ដំណាំ-ស្រូវ៧៦០ហិកតា (ខូចខាតទាំងស្រុង២៣៩ ហិកតា) ។ ទី៤ស្រុករមាសហែក ទឹកជន់លិចចំនួន ០៩ឃុំ ដំណាំស្រូវ៣៤,៤៤៥ហិកតា ដំឡូងមី ៦៧៥ ហិកតា ផ្ទះប្រជាពលរដ្ឋ រដ្ឋ ៤២ ខ្នង ។ និងទី៥-ស្រុកចន្ទ្រា ទឹកជន់លិចចំនួន ០២ឃុំ ដំណាំស្រូវ២២៦ ហិចតា ។
សរុបទឹកជន់លិច ០៥ ក្រុង ស្រុកដំណាំស្រូវ ១០២,៩១១ ហិចតា ខូចខាតទាំងស្រុង ២៣៩ហិចតា ដំឡូងមី៦៧៥ ហិកតា និងផ្ទះប្រជាពលរដ្ឋ ១,០៥២ ខ្នង ។ហើយបើទឹកភ្លៀងនៅតែធ្លាក់បន្តទៀតប្រជាពលរដ្ឋ អាចរងគ្រោះបន្ថែមទៀត ជាពិសេសក្រុងស្វាយរៀង ទឹកកំពុងឡើងកម្ពស់ខ្ពស់ពេញព្រៀប ទំនប់ក្រវ៉ាត់ក្រុងនៅសល់តែកម្ពស់៣តឹកទៀតអាចលិចចូលក្នុងក្រុងរដ្ឋបាលខេត្ត ៕
មតិយោបល់