បាត់ដំបងៈ ផ្ទះប្រជាពលរដ្ឋ អ្នកលក់ចាប់ហ៊ួយ និងប្រេងឥន្ធនៈ មួយកន្លែង ដោយសារការធ្វេសប្រហែសបុរសដែលជាម្ចាស់ផ្ទះ បានបូមសាំងច្រកដប ភ្លាត់ស្នៀត ធ្វើឲ្យកំពប់ ទៅលើដី នៅក្បែនោះ មានភ្លើងចង្ក្រានផង ទើបបង្កជាអគ្គីភ័យឆាបឆេះនេះឡើង ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុច អណ្តូងកន្ទួត ស្ថិតក្នុងភូមិគោរកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
របាយការណ៍ បានឲ្យដឹងថា លំនៅដ្ឋាន ដែលត្រូវអគ្គិភ័យឆាបឆេះ មានទំហំ៩គុណនឹង១២ ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី រីឯម្ចាស់មានឈ្មោះ ទឹម បូក ភេទប្រុស អាយុ៦៦ឆ្នាំ មុខរបរធ្វើ ស្រែ ។
របាយការណ៍ បានបន្តថា នៅមុនពេលកើតហេតុ គឺម្ចាស់ផ្ទះ បានអង្គុយបូមសាំងច្រកចូល ទៅក្នុងដប ដោយមិនបានគិតថា នៅក្បែរ នោះមានភ្លើងចង្ក្រាន ពេលនោះដែរ ក៏ស្រាប់តែសាំងដែលម្ចាស់ កំពុងបូមនោះ បានកំពប់ទៅក្បែភ្លើងចង្ក្រាន ទើបធ្វើឲ្យភ្លើងបានឆាបឆេះ ឡើងភ្លាម ព្រមទាំងបានរាលដាលដល់តួរផ្ទះតែម្តង ។
ជាមួយគ្នានោះដែរ បុរសដែលជាម្ចាស់ផ្ទះ ក៏បានរងរបួស ដោយសារភ្លើងរលាកពេញមួយចំហៀងខ្លួន ឯលំនៅដ្ឋានក៏ត្រូវឆេះខ្ទេចខ្ទី ព្រមទាំងបានបំផ្លាញនូវទ្រព្យសម្បត្តិមួយចំនួនដូចជា អង្ករ៣ការុង ធុងទឹកធំ១ ប្រេងម៉ាស៊ូត២ ប៊ីដុងកន្លះ សាំងចំនួន២ប៊ីដុង បារី២ប៊ិច កន្លះ ឥវ៉ាន់ចាប់ហួយ និងសំភារៈ មួយចំនួនធំទៀត ។
សម្ភារៈដែលខូចខាតសរុបជាទឹកប្រាក់ប្រមាណ ២ពាន់ដុល្លារ ម្ចាស់ផ្ទះដែលរងរបួស កំពុងសំរាកព្យាបាល នៅនឹងផ្ទះរបស់ខ្លួន រង់ចាំឲ្យតុលាការជាអ្នក សម្រេចតាមក្រោយ ៕
មតិយោបល់