ថៃៈ យោងតាមផេកផ្លូវការរបស់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា ថ្នាំញៀនប្រភេទយ៉ាម៉ា ប្រមាណ ជាង២លានគ្រាប់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀន នៅប្រទេសថៃ ចុះប្រតិបត្តិការបង្ក្រាបបាន ខណៈដែលជនសង្ស័យកំពុងធ្វើចរាចរណ៍នៅតាមដងផ្លូវឆ្ពោះទៅកាន់ខេត្តសុងខ្លា ប្រទេសថៃដើម្បីទម្លាក់ឲ្យម៉ូយ ដែលចាំទទួលនៅទីនោះ ដោយថ្នាំញៀនទាំងអស់នេះ ត្រូវបានលាក់ទុក នៅក្នុងរថយន្តលាយស៊ីម៉ង់ត៍ ។
ប្រតិបត្តិការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង១២ ថ្ងៃត្រង់ទី១៦ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចគោលដៅមួយកន្លែង ក្នុងស្រុក ប៉ាក់ធីវ ខេត្តឈុំផន ប្រទេសថៃ ហើយប្រតិបត្តិការខាងលើនេះ អាចធ្វើឡើងដោយរលូន ដោយសារតែមានសេចក្តីរាយការណ៍ យ៉ាងច្បាស់ការ ពីបណ្តាញសម្ងាត់ លុះធ្វើការឆែកឆេរ រថយន្តសង្ស័យមួយគ្រឿង ប្រភេទលាយស៊ីម៉ង់ត៍ធន់ធ្ងន់ ក៏ប្រទះឃើញមានសាក់កាដូ ជាច្រើន ដែលអ្នកបើកបរទាំង២នាក់ បានលាក់នៅក្នុងតួស៊ីទែនសម្រាប់លាយស៊ីម៉ង់ត៍ ។
ក្រោយធ្វើការឆែកឆេរ នៅក្នុងសាក់កាដូទាំងនោះ បានរកឃើញថ្នាំញៀនប្រភេទយ៉ាម៉ា យ៉ាងច្រើនសន្ធឹកសន្ធាប់ គឺ មានចំនួន ២,២០០,០០០ គ្រាប់ (ពីរលាន ពីរសែន គ្រាប់ ) ដោយពាក់ព័ន្ធនឹងការ ធ្វើចរាចរណ៍នេះដែរ ជនសង្ស័យទាំង២នាក់ បានសារភាពថា ខ្លួនទទួលស៊ីឈ្នួល ដឹកថ្នាំញៀននេះឲ្យគេ ដោយដឹកចេញពីស្រុកហ្វាង ក្នុងខេត្តឈៀងម៉ៃ ឆ្ពោះទៅកាន់ស្រុកហាតយ៉ៃ ក្នុងខេត្តសុងខ្លា និងទៅតាមព្រំដែន ជាប់ប្រទេស។
បច្ចុប្បន្ន ក្រុមអង្គភាពជំនាញ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនជនសង្ស័យ ទាំង២ រួមជាមួយនិងវត្ថុតាង ទៅកាន់តុលាការ ក្នុងការចាត់វិធានការតាមផ្លូវច្បាប់ ៕
មតិយោបល់