ព្រះសីហនុៈ នៅវេលាម៉ោងប្រមាណ៣យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២២ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចវិថីឯងរាជ្យកែងតុលាការចាស់ ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ស្ត្រីរូបស្រស់ម្នាក់ចេញពីផឹកស៊ីនៅហាងបារាំងជាមួយមិត្តភក្តិក្នុងស្ថានភាពស្រវឹងស្រាបើកម៉ូតូក្នុងល្បឿនលឿនដល់ផ្លូវកោងកាច់ចង្កូតមិនទាន់ជ្រុលទៅបុកបង្កោលផ្លាកខ្លោងទ្វារចូលក្លឹបកម្សាន្ត “អិលវី” បណ្តាលឲ្យ រងរបួសធ្ងន់ ហើយបានស្លាប់ពេលដឹកទៅសង្ក្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
ស្ត្រីរងគ្រោះមានឈ្មោះ សរ សុខឿន ភេទស្រីអាយុ២៩ឆ្នាំមានមុខរបរបុក្គលិកធ្វើការនៅហាងជនបរទេស បច្ចុប្បន្នស្នាក់នៅក្រោយក្លឹបកម្សាន្តអិលវី និងមានស្រុកកំណើតភូមិព្រែកតារ័ត្ន ឃុំកំពង់ប្រាង ស្រុកពារាំង ខេត្តព្រៃវែង។
ប្រភពព័ត៌មានពីក្រុមគ្រួសារបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុនារីរងគ្រោះរួមជាមួយនិងពួកគាត់បាននាំគ្នាទៅផឹកស៊ីនៅហាងបារាំងមួយកន្លែងនៅជិតតោ២ លុះផឹកយូរៗទៅពួកគាត់ម្នាក់ៗបានស្រវឹងស្រាហើយក៏នាំគ្នាជិះម៉ូតូត្រឡប់មកផ្ទះវិញ។ ប៉ុន្តែនារីរងគ្រោះជិះម៉ូតូលឿនដល់ផ្លូវកោងកាច់ចង្កូតមិនទាន់ក៏ជ្រុលទៅបុកបង្កោលផ្លាក បណ្តាលឲ្យដួលរងរបួសធ្ងន់ បន្ទាប់មកបានស្លាប់នៅមន្ទីរពេទ្យ។
ក្រោយកើតហេតុមន្ត្រីប៉ូលិសចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុបានប្រគល់ម៉ូតូនារីរងគ្រោះជូនក្រុមគ្រួសារសព ដើម្បីយកទៅជួសជុល៕
មតិយោបល់