ព័ត៌មានជាតិ

ប្រពន្ធធ្លាក់ខ្លួនឈឺ យកមកព្យាបាល តែគ្មានលុយគ្រប់ក៏ដឹកយកមកវិញ ដាច់ខ្យល់ស្លាប់ពាក់កណ្តាលផ្លូវ

ភ្នំពេញ: បុរសម្នាក់បានសម្រេចចិត្តយកប្រពន្ធរបស់ខ្លួនចេញពីមន្ទីរពេទ្យ ដោយសារតែគ្មានលទ្ធភាពព្យាបាលប្រពន្ធ ដោយសារតែស្ថានភាពជំងឺរបស់ប្រពន្ធរបស់គាត់ធ្ងន់ធ្ងរពេក និងមានជីវភាពក្រីក្រ។

ប្រភពឲ្យដឹងថា ប្តីឈ្មោះ សំរិទ្ធ បូរី ភេទ ប្រុស អាយុ ៣៨ឆ្នាំ ស្នាក់នៅភូមិ១០មករា ឃុំបុសខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម ហើយមានប្រពន្ធឈ្មោះ ដែន វណ្ណេត ភេទ ស្រី អាយុ ៣៥ឆ្នាំ មានទីលំនៅដូចខាងលើ និងមានកូនស្រីម្នាក់អាយុ ១០ឆ្នាំ ហើយមានជីវភាពក្រីក្រ ។

ប្រភពពីបុរសដែលជាត្រូវជាប្តីរបស់ស្ត្រីដែលបានស្លាប់នោះ បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ រូបគាត់បាននាំប្រពន្ធយកមកមន្ទីរពេទ្យព្រះកេតុមាលាសម្រាកបានមួយយប់ លុះព្រឹកឡើង ខាងមន្ទីរពេទ្យបានចេញវិក័យប័ត្រទារប្រាក់ចំនួន ២៦២,៦៨ដុល្លារ ដោយសារតែរូបគាត់គ្មានប្រាក់បង់ឲ្យពេទ្យ ទើបគាត់បានសម្រេចចិត្តដើររកមន្ទីរពេទ្យរដ្ឋដែលអាចជួយជីវិតប្រពន្ធរបស់គាត់បាន ពេលនោះ រូបគាត់ក៏បានទុកប្រពន្ធឲ្យនៅក្នុងមន្ទីរពេទ្យព្រះកេតុមាលា (ហៅពេទ្យធំ) មួយព្រឹកទៀត ។

បន្ទាប់មកខាងមន្ទីរពេទ្យក៏បានចេញវិក័យប័ត្រទារប្រាក់ថ្លៃព្យាបាលចំនួន ១៧៩ដុល្លារបន្ថែមទៀតពីរូបគាត់ តែដោយសារគ្មានប្រាក់គ្រប់ចំនួនសំរាប់បង់ឲ្យខាងមន្ទីរពេទ្យ រូបគាត់ក៏បានសុំអង្វរទៅខាងមន្ទីរពេទ្យវិញថា សុំបង់ប្រាក់ចំនួន ២២០០០០រៀល ពេលនោះ ខាងមន្ទីរពេទ្យក៏ព្រមទទួលយកប្រាក់ប៉ុណ្នឹងសិន ប៉ុន្តែខាងមន្ទីរពេទ្យបានប្រាប់ថា ឲ្យគាត់ជំពាក់សិន ចាំយកប្រាក់មកបង់នៅថ្ងៃក្រោយទៀត ។

លុះដល់ព្រឹកថ្ងៃទី១៦ ខែឧសភាព ឆ្នាំ២០១៦ រូបគាត់ក៏បាននាំប្រពន្ធចេញពីមន្ទីរពេទ្យព្រះកេតុមាលា (ហៅពេទ្យធំ) ដើម្បីយកទៅមន្ទីរពេទ្យរុស្សី ក្រែងខាងមន្ទីរពេទ្យរដ្ឋអាចជួយសង្គ្រោះជីវិតប្រពន្ធរបស់គាត់បាន អ្វីដែលរូបគាត់បានគិតនោះ គឺខុសទាំងអស់ នៅពេលដែលរូបគាត់បានដឹកប្រពន្ធទៅដល់មន្ទីរពេទ្យរុស្សីភ្លាមនោះ តែបែបជាស្ថានភាពជំងឺប្រពន្ធរបស់គាត់កាន់តែមានស្ថានភាពធ្ងន់ធ្ងរទៅៗ ។ ក្រោយមក នៅព្រឹកថ្ងៃ១៧ ខែឧសភា ឆ្នាំ២០១៦ រូបគាត់ក៏បានសម្រេចចិត្តយកប្រពន្ធរបស់គាត់ចេញពីមន្ទីរពេទ្យ ហើយបានស្វែងរករថយន្តខាងមន្ទីរពេទ្យរុស្ស៊ីឲ្យជួយដឹកប្រពន្ធរបស់គាត់យកទៅស្រុកកំណើតវិញ ប៉ុន្តែ ដោយខាងរថយន្តមន្ទីរពេទ្យទារថ្លៃដឹកដល់ទៅ ១៨០ដុល្លារ ពេលនោះ រូបគាត់គ្មានលទ្ធភាព ក៏បានសម្រេចចិត្តរករថយន្តឈ្នួលឲ្យជួយដឹកប្រពន្ធរបស់គាត់ ហើយខាងរថយន្តឈ្នួលក៏បានទារតម្លៃចំនួន ៩៥ដុល្លារពីរូបគាត់ ភ្លាមនោះៗ រូបគាត់ក៏បានសម្រេចចិត្តឲ្យរថយន្តឈ្នួលនោះ ដឹកប្រពន្ធរបស់គាត់ចេញពីមន្ទីរពេទ្យរុស្ស៊ី កាលពីវេលាម៉ោង ៧និង៤០នាទីព្រឹក លុះពេលដឹកមកដល់ចំណុចខាងជើងវត្តខ្ទរ ស្ថិតនៅក្នុងភូមិខ្ទរ តាមបណ្តោយផ្លូវជាតិលេខ៦ ភ្លាមនោះៗ ប្រពន្ធរបស់គាត់ក៏មានស្ថានភាពកាន់តែធ្ងន់ធ្ងរទៅៗ ម្ចាស់រថយន្តឈ្នួលឃើញបែបនោះ ក៏បានឲ្យបុរសដែលត្រូវជាប្តីនោះ យកប្រពន្ធរបស់គាត់ចុះចេញពីរថយន្ត ហើយបានទារថ្លៃដឹកចេញពីពេទ្យរុស្ស៊ីមកដល់ត្រឹមនឹងចំនួន ២០ដុល្លារ ក្រោយមក រូបគាត់ក៏បានប្រគល់ប្រាក់តាមទាររបស់ម្ចាស់រថយន្តឈ្នួល ហើយក៏បានដាក់ប្រពន្ធរបស់ខ្លួនចុះពីលើរថយន្តឈ្នួលទាំងដៃជាប់សេរ៉ូម មិនទាន់បាន ៥នាទីផង ប្រពន្ធរបស់គាត់ក៏ដាច់ខ្យល់ស្លាប់នៅលើចិញ្ចើមផ្លូវយ៉ាងអាណោចអាធម គួរឲ្យសង្វេគណាស់ ។

ក្រោយពីឃើញហេតុការណ៍បែបនេះ បងប្អូនប្រជាពលរដ្ឋបាននាំគ្នាចូលរួមរំលែកទុក្ខ និងបានឧបត្ថម្ភនូវប្រាក់កាក់មួយចំនួនបន្តិចៗ ភ្លាមនោះៗ យើងក៏បានឃើញមានវត្តមានលោក ព្រាប មុនី ចៅសង្កាត់ព្រែកលាប បានចុះមកជួយជ្រោមជ្រែងចាត់ចែងរកកម្លាំងប្រជាការពារ និងប្រជាពលរដ្ឋដែលរស់នៅជិតនោះ ក៏បាននាំគ្នារកអាចារ្យ ហើយនិមន្តព្រះសង្ឃមកសូត្រមន្ត ព្រមទាំងជួយដឹកសពយកពីលើចិញ្ចើមផ្លូវមកដាក់នៅក្នុងបច្ឆាវត្តខ្ទរ ។ ក្រោយមក លោក ព្រាប មុនី ចៅសង្កាត់ ក៏បានទូរសព្ទ័ទៅមន្ទីរពេទ្យព្រែកព្នៅ ឲ្យឡើងមកជួយដឹកសពស្ត្រីខាងលើ យកទៅធ្វើបុណ្យនៅឯស្រុកកំណើតរបស់ខ្លួន ដោយលោកចៅសង្កាត់ បានចេញថ្លៃរថយន្តពេទ្យដឹកសពនោះចំនួន ១៣០ដុល្លារ ហើយព្រមទាំងបានជួយឧបត្ថម្ភដល់លោកអាចារ្យសរុបចំនួន ១៥០ដុល្លារ គឺជាថវិកាផ្ទាល់ខ្លួនរបស់លោកចៅសង្កាត់តែម្តង៕

photo_2016-05-19_14-05-50 photo_2016-05-19_14-05-48 photo_2016-05-19_14-05-48 (2) photo_2016-05-19_14-05-46 photo_2016-05-19_14-05-46 (2) photo_2016-05-19_14-05-45 photo_2016-05-19_14-05-44 photo_2016-05-19_14-05-41 photo_2016-05-19_14-05-42 photo_2016-05-19_14-05-44 (2) photo_2016-05-19_14-05-47

មតិយោបល់