រាជធានីភ្នំពេញ ៖ បុរសស្រវឹងស្រាជោកជាំម្នាក់បានបើករថយន្តដែលពាក់ស្លាកលេខអង្គការបានមកឈប់លើផ្លូវដេកធ្វើព្រងើយដោយមិនខ្លាចក្រុមចោរលួចរបស់របរក្នុងរថយន្តបន្តិចសោះឡើយ ដែលហេតុការណ៍បង្កអោយមានភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្រោយសកលវិទ្យាល័យអន្តរជាតិ IU ដែលស្ថិតនៅលើផ្លូវបេតុង១០១១ ស្ថិតក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីវេលាម៉ោង១១និង៥៣នាទីយប់ថ្ងៃទី២០ខែមិនាឆ្នាំ២០១៤។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា នៅមុនពេលគេឃើញបុរសស្រវឹងស្រាជោកជាំខាងលើបើករថយន្តមកឈប់ដេកនៅលើផ្លូវ គេឃើញរូបគាត់បានបើករថយន្តមួយគ្រឿងម៉ាកនីសាន់ ពណ៌ស ពាក់ស្លាកលេខ 01-5607 ចេញពីហាងផឹកស៊ីមួយនៅតាមបណ្ដោយផ្លូវ១៩៨៦ ហើយធ្វើដំណើរយ៉ាងលឿនមកដល់ផ្លូវបេតុង១០១១ ក្រោយសាកលវិទ្យាអន្តរជាតិIU ស្រាប់តែរូបគាត់បានឈប់រថយន្តលើផ្លូវហើយបើកភ្លើងចោលដេកធ្វើព្រងើយក្នុងរថយន្តដោយមិនខ្លាចក្រុមចោរខ្ទើយដែលល្បីខាងលួចរបស់របរអ្នកដែលស្រវឹងហើយចូលចិត្តឈប់រថយន្តដេកដូចរូបគាត់នេះឡើយ។
ឃើញដូចនោះប្រជាពលរដ្ឋដែលរស់នៅម្ដុំនោះបាននាំគ្នាទៅមើលហើយព្យាយាមគោះទ្វាររថយន្តដាស់បុរសស្រវឹងស្រានោះតែដាស់មិនភ្ញាក់ទើបពួកគាត់សម្រេចចិត្តទូរស័ព្ទទៅប្ដឹងលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ ដើម្បីអោយសមត្ថកិច្ចក្រោមឱវាទចុះមកអន្តរាគមន៍ដាស់បុរសស្រវឹងស្រាជោកជាំខាងលើតែមិនឃើញមានសមត្ថកិច្ចណាម្នាក់ចុះមកអន្តរាគមន៍ឡើយធ្វើអោយប្រជាពលរដ្ឋដែលរស់នៅម្ដុំនោះមានអារម្មណ៍ខឹងសម្បារយ៉ាងខ្លាំងនិងធ្វើការរិះគន់ដល់លោក ម៉ក់ ហុង អធិការខណ្ឌសែនសុខហាក់ដូចជាគ្មានសមត្ថភាពនិងធ្វើការដោះស្រាយរាល់ពាក្យបណ្ដឹងដែលប្រជាពលរដ្ឋប្ដឹងនោះឡើយ។
ក្រោយពេលប្រជាពលរដ្ឋអស់ជំនឿលើសមត្ថកិច្ចម្នាក់ៗសុទ្ធតែគ្រវីក្បាលហើយនាំគ្នាដើរចេញដោយទុកអោយបុរសស្រវឹងស្រាជោកជាំខាងលើដេកក្នុងរថយន្តបន្តទៅទៀតទៅ៕
មតិយោបល់