ព័ត៌មានជាតិ

អុញ!សិស្សវិទ្យាល័យទួលទំពូងថ្នាក់ទី១២មួយក្រុម ខឹងគេឆាតញ៉ែសង្សារលើកគ្នាចាំដេញតាមកាប់សិស្សវិទ្យាល័យបឹងត្របែក មានអីជាប់ខ្នោះសមត្ថកិច្ច!

ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីយុវជន២នាក់ ដែលជាសិស្សវិទ្យាល័យទួលទំពូង ខឹងនឹងគេដែលឆាតញ៉ែសង្សារខ្លួន ក៏នាំគ្នាទាញកាំបិតបុ័ងតោ ដុំថ្ម និងដំបង ដាក់ក្នុងកាបូបជិះយកមកគប់ចូលក្នុងវិទ្យាល័យបឹងត្របែក បង្កឲ្យមានការភ្ញាក់ផ្អើលដល់សិស្សសាលានាំគ្នារត់ចែកជើងគ្នា ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ចាប់ខ្លួនបានទាំង២នាក់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង១០នាទី ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខផ្ទះលេខ ២៤៦ ផ្លូវលេខ១៥៥ ក្រុមទី២៣ ភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលចាប់ខ្លួនបានខាងលើនេះ ទី១មានឈ្មោះ ផល បញ្ញា (ហៅញ៉ា) ភេទប្រុស អាយុ១៩ឆ្នាំ ជាសិស្សថ្នាក់ទី១២F1 នៃវិទ្យាល័យទួលទំពូង ស្នាក់នៅផ្ទះលេខ១១ ក្នុងបុរីចំការដូង ស្នាក់នៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ និងជនសង្ស័យទី២ឈ្មោះ ភាព ម៉េងត្រុយ ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១២F1ជាមួយគ្នា ស្នាក់នៅផ្ទះលេខ១៣៩២ ផ្លូវលំ ភូមិចម្រើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌចំការមន បានដឹកនាំកម្លាំងចុះល្បាតក្នុងភូមិសាស្ត្រ លុះដល់ចំណុចកើតហេតុ ក៏ប្រទះឃើញក្មេងទំនើង១ក្រុម មានគ្នា១០នាក់ ជិះម៉ូតូ៥គ្រឿង នៅចំណុចមុវិទ្យាល័យបឹងត្របែក ដោយផ្តុំគ្នាឈប់ម៉ូតូនៅទីនោះ។ ដោយមានការសង្ស័យ សមត្ថកិច្ចបានជិះម៉ូតូសំដៅចូលទៅជិតក្រុមជនសង្ស័យដើម្បីត្រួតពិនិត្យ ស្រាប់តែក្រុមក្មេងទំនើងទាំងនោះ បាននាំគ្នាជិះម៉ូតូដើម្បីគេចខ្លួន តែត្រូវសមត្ថកិច្ចដេញតាមពីក្រោយ និងបានបោះដៃតាមវិទ្យុទាក់ទង ពេលនោះកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ដែលកំពុងជិះល្បាត បានឭតាមវិទ្យុទាក់ទង ក៏ដេញតាមស្ទាក់បានជនសង្ស័យជាក្មេងទំនើងចំនួន២នាក់ ដែលកំពុងជិះម៉ូតូមួយគ្រឿងម៉ាក ស្កុបពី ពណ៌ស ក៏ឃាត់ខ្លួនតែម្តង។

ក្នុងនោះសមត្ថកិច្ចធ្វើការដកហូតបាន កាតាបសិស្ស ពណ៌ខ្មៅ ចំនួន២ ,កាំបិតបុ័ងតោចំនួន១, ដុំថ្មចំនួន៣ដុំ, ដំបងដែលជ្រុងចំនួន១ និងម៉ូតូមួយគ្រឿងម៉ាក ស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1BQ-3059។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានសារភាពថា ដោយសារតែខ្លួនមានកំហឹង នឹងក្មេងស្ទាវដែលរៀននៅវិទ្យាល័យខាងលើ បានឆាតមកញ៉ែសង្សាររបស់ខ្លួន ដែលខ្លួនស្រឡាញ់យូរណាស់មកហើយ ទើបពួកគេលើកគ្នាចាំស្ទាក់ដេញកាប់នឹងវាយតែម្តង តែមិនទាន់បានអីផង ទើបតែបានបោះកាំបិតបុ័ងតោចូលក្នុងសាលា ក៏ផ្អើលដល់សមត្ថកិច្ចដេញតាមចាប់ខ្លួនបានបែបនេះតែម្តង។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើរួមនិងវត្ថុតាង ត្រូវបានព្រះរាជអាជ្ញាអនុញ្ញាតឲ្យ សមត្ថកិច្ចធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាជាលាយលក្ខ័អក្សឲ្យឈប់ប្រព្រឹត្តនូវទង្វើអស់ទាំងនេះ រួចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញជាធម្មតា ៕

មតិយោបល់