ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុនថ្នាំលាបផ្ទះ Desfoyaux Cambodia បុករះរថយន្តហាយឡែនឌ័រ ២គ្រេឿង នៅខណ្ឌ៧មករា

ភ្នំពេញ: បុរសម្នាក់បើកបររថយន្តម៉ាកនីសាន់ រវល់តែមើលអ្នកធ្វើដំណើរជាមួយគ្នា អង្គុយវិលមុខក្អួតចង្អោ ខណ:ងាកមកវិញ ក៏វាកអើ បុករះជាមួយរថយន្តម៉ាកហាយឡែនឌ័រ២ គ្រឿងដែលធ្វើដំណើរផ្ទុយទិសដៅគ្នា ចំពីមុខយ៉ាងពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង៥០នាទី រសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ នៅចំណុចមុខហាងលក់សម្ភារ:បុណ្យ យីហោ ឧត្តម ឧត្តម នៅតាមបណ្ដោយផ្លូវ១៨២ ស្ថិតក្នុងសង្កាត់វាល់វង ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ បុរស២នាក់ ធ្វើដំណើរដោយរថយន្តម៉ាកនីសាន់ ពណ៌ទឹកប៉ិច ពាក់ស្លាកភ្នំពេញ2Y-0940 ក្នុងទិសដៅពីលិចទៅកើត ខណ:មកដល់ចំណុចចំណុចមុខហាងលក់សម្ភារ:បុណ្យ យីហោ ឧត្តម ឧត្តម បុរសម្នាក់ដែលរួមដំណើរជាមួយមានអាការ:វិលមុខ ក្អួតចង្អោ រួចបុរសអ្នកបើកបានងាកមើល ពេលដែលងាកមកវិញក៏វាកអើ ជ្រុលទៅបុករថយន្តហាយឡែនឌ័រ២គ្រឿង ដែលធ្វើដំណើរទិសដៅផ្ទុយគ្នា ដែលដំបូង ជ្រុលទៅបុករថយន្តម៉ាកហាយឡែនឌ័រ១គ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2T-9082 បណ្ដាលឲ្យរងការខូចខាតចំហៀងឆ្វេងបន្តិច គេចផុត រួចបន្តទៅបុករថយន្តហាយឡែនឌ័រ១គ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AG-2497 ចំពីមុខពេញទំហឹង បណ្ដាលឲ្យខូចខាតផ្នែកខាងមុខទាំងស្រុង។

ហើយក្នុងហេតុការណ៍នេះ គឺបណ្ដាលឲ្យក្មេងប្រុសម្នាក់ ដែលជិះរថយន្តហាយឡែនឌ័រ ពណ៌ស រងរបួសពកក្បាលបន្តិច និងមិនបង្ករឲ្យមានអ្នកផ្សេងទៀតរងរបួសឡើយ។

សូមបញ្ជាក់ផងដែរ រថយន្តមាក់នីសាន់ ដែលជារថយន្តបង្ករត្រូវបានគេស្គាល់ថា ជារបស់ក្រុមហ៊ុន លក់ថ្នាំលាបផ្ទះ ម៉ាក Desfoyaux Cambodia។

ក្រោយពេលកើតហេតុកម្លាំងនគរបាលចរាចរណ៍ ខណ្ឌ៧មករាបានចុះធ្វើវាស់វែង ដល់កន្លែងកើតហេតុភ្លាមៗ។ បច្ចុប្បន្នរថយន្តទាំង៣គ្រឿង ត្រូវបានកម្លាំងជំនាញនាំមករក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីរងចាំការដោះស្រាយគ្នានៅពេលក្រោយ៕

photo_2016-05-19_16-20-46 (2) photo_2016-05-19_16-20-46 photo_2016-05-19_16-20-47 photo_2016-05-19_16-20-48 (2) photo_2016-05-19_16-20-48 photo_2016-05-19_16-20-50 photo_2016-05-19_16-20-45 (2) photo_2016-05-19_16-20-45

មតិយោបល់