កោះកុង: លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនង រដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច បានស្នើសុំឲ្យកងទ័ព និងនគរបាលការពារទឹកដី ខ្សែបន្ទាត់ព្រំដែនខេត្ដកោះកុង បន្តស្មារតី ស្នេហាជាតិ និងការពារបូរណភាពទឹកដី ឲ្យបានជាដាច់ខាត មិនឲ្យខ្មាំងសត្រូវឈ្លានពានទឹកដីបាន សូម្បីតែមួយចំអាម តែមិនត្រូវឈ្លានពានប្រទេស ជិតខាងឡើយ ហើយត្រូវបង្កើនស្មារតីសាមគ្គីភាព ក្នុងនាមជាប្រទេសជិតខាងល្អ។ លោកស្រី ឧបនាយករដ្ឋមន្រ្តីជំរុញឲ្យ ខិតខំបង្កើនសមត្ថភាព ការពារជំនាញតាមរយៈហ្វឹកហាត់ជាប្រចាំ និងប្រកាន់ខ្ចាប់នូវវិន័យ របស់កងទ័ព ដោយរក្សា ក្រមសីលធម៌ ស្អាតស្អំ និងកិត្តិយសថ្លៃថ្នូរ សាកសមជាកងទ័ពជាតិបម្រើប្រជាជន។
ការលើកទ្បើងបែបនេះ គ្រាដែលលោកស្រី មានវត្តមាន ក្នុងការចែកអំណោយទៅដល់ទាហ៊ានតាមព្រំដែន និងសំណះសំណាល សួរសុខទុក្ខ ជាមួយពួកគេ កាលពីព្រឹកថ្ងៃទី១៩ ឧសភា ឆ្នាំ២០១៦នេះ នៅ តាមបណ្ដោយព្រំដែន ខេត្តកោះកុង ដែលមានរបងជាប់ និងប្រទេសថៃ។
នៅក្នុងការសំណេះសំណាលនោះ លោកស្រី ម៉ែន សំអន ក៏នាំយកអំណោយជាច្រើន ទៅចែកជូនទាហ៊ានតាមបន្ទាត់ព្រំដែនផងដែរ ដែលពួកគេលះបង់ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងប្រពន្ធកូន ដើម្បីការពារបូរណភាពទឹកដី ក្នុងនោះមានអំណោយដូចជា៖ អង្ករ៧០០គីឡូក្រាម មី៣០០កេស ត្រីខ១០០កេស សៀង៤០កេស ឆៃប៊ូវ៥២០គីឡូក្រាម ទឹកសារអ៊ីវ១០០យួរ ទឹត្រី១០០ យូរ នំប៉័ង៣០០ដើម ម្ស៉ៅសាប៊ូ២២០កញ្ចាប់ សាប៊ូដុំ២២០ដុំ ថវិកា៤៧០២០០០រៀល។ ក្នុងឱកាសនោះ លោលស្រីឧបត្ថម្ភថវិកាផ្ទាល់ខ្លួនសម្រាប់ការជួសជុល សាងសង់ជំរកស្នាក់នៅដល់ អង្គភាពចំនួន៥៥០០ដុល្លារ។
ក្រៅពីនោះលោកស្រីបានផ្តាំផ្ញើឲ្យ ទាហ៊ានទាំងអស់ ត្រូវថែរក្សាសុខភាពឲ្យបានល្អ ព្រោះសុខភាពគឺជាប្រភពថាមពលដ៏ស័ក្ដិសិទ្ធិ ហើយត្រូវត្រៀម ខ្លួនប្រយុទ្ធជានិច្ច ដោយត្រៀមគ្រប់ យុទ្ធោបករណ៍សិក ដើម្បីគាំទ្រដល់ការប្រយុទ្ធឲ្យបានសាកសិទ្ធ ដើម្បីទប់ទល់រាល់សកម្មភាព ទុច្ចរិតរបស់ខ្មាំងសត្រូវ ដែលមានបំណងឈ្លានពានទឹកដីកម្ពុជាគ្រប់រូបភាព និងហ្វឹកហាត់ហ្វឹកហ្វឺនជាអចិន្ត្រៃយ៍ ដើម្បីមានប្រៀបលើសត្រូវ និងរៀបចំយានដ្ឋាន ស្របតាមក្បួនយុទ្ធសាស្ត្ររបស់ទ័ព។ ត្រូវចេះចិញ្ចឹមសត្វបង្ករបង្កើនផល ដំណាំរួមផ្សំ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ ឲ្យកាន់តែល្អប្រសើរ និងចេះថែរទាំសម្អាតអនាម័យ ក្នុងទីធ្លា និងការិយាល័យនៃមូលដ្ឋានអង្គភាព។
ក្នុងឱកាស នោះលោកស្រីក៏បានផ្តាំផ្ញើបន្ថែម ដោយសំណូមពរសូមឲ្យកងទ័ពការពារព្រំដែនទាំងអស់ អនុវត្តន៍ឲ្យបាន នូវទិសដៅណែនាំជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនីតិកាលទី៥ ដែលកើតចេញពីការបោះឆ្នោត ដ៏ស្របច្បាប់ស្របតាមរដ្ឋមនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះដែរលោកស្រី ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនម៉ុងឫទ្ធីគ្រុប ក្រុមហ៊ុនគូហ៊ូឡុង បណ្ដាសប្បុរសជន ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្រ្ដីរាជការ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលបានចូលរួមបរិច្ចាគ ធនធានមានទាំងសម្ភារៈ និងថវិកា ដើម្បីរួមចំណែកជួយគាំទ្រ និងលើកទឹកចិត្ដដល់កង កម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងប្រចាំការក្នុងភារកិច្ច ដ៏ឧត្តមការពារបូរណ ភាពទឹកដី យ៉ាងអង់អាចក្លាហានក្នុងភូមិសាស្រ្ដខេត្ដកោះកុងនេះ ឲ្យកាន់តែមានកម្លាំងចិត្ត និងភាពកក់ក្ដៅថែមទៀត៕
មតិយោបល់