ព័ត៌មានជាតិ

ស្រវឹងបើករថយន្តស៊េរីទំនើប បុករះការដ្ឋានអ៊ុតផ្លូវខ្នាតតូចរបស់មន្ទីរសាធារណៈការ កម្មករ២នាក់ប៉ើងជាង២០ម៉ែត្រ!

ភ្នំពេញៈ បុរស២នាក់ ស្រវឹងបើករថយន្តមួយគ្រឿងម៉ាក កាមរីហាយព្រីត ក្នុងល្បឿនលឿន ជ្រុលបុកទម្លាយទីតាំងការដ្ឋានអ៊ុតផ្លូវខ្នាតតូច របស់មន្ទីរសាធារណៈការរាជធានីភ្នំពេញ បណ្ដាលឲ្យកម្មករ២នាក់ ត្រូវរថយន្តបុកប៉ើងជាង២០ម៉ែត្ររងរបួសធ្ងន់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១និង៣០នាទីយប់ឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ទល់មុខមន្ទីរពេទ្យកាល់ម៉ែត ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញបុរស២នាក់ បើករថយន្តមួយគ្រឿងម៉ាកកាមរីហាយព្រីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK–5300 បើកបរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿន និងស្ថិតក្នុងស្ថានភាពស្រវឹង បានបើកមកដល់ចំណុចកើតហេតុ មិនប្រយ័ត្នជ្រុលបុករះ ទីតាំងការដ្ឋានខ្នាតតូច កំពុងគូសស្លាកសញ្ញា និងអ៊ុតផ្លូវនៅចំណុចខាងលើ បណ្ដាលឲ្យបុករះកម្មករ២នាក់ដែលកំពុងឈរធ្វើការផ្លោងជិត២០ម៉ែត្រ រងរបួសធ្ងន់ធ្ងរ ត្រូវបានក្រុមកម្មករដូចគ្នាជួយហៅរថយន្តសាមុយមន្ទីរពេទ្យកាល់ម៉ែត្រ មកទទួលយកចូលមន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះបន្ទាន់ ។

ភ្លាមៗម្ចាស់រថយន្តបង្កទាំង២នាក់ ពុំបានរត់គេចទៅណាឡើយត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនបញ្ជូនទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលស្រះចក បណ្ដោះអាសន្ន ដើម្បីទំនាក់ទំនងទៅកាន់ នគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាំខ្លួនទៅធ្វើការដោះស្រាយគ្នាបន្តទៀត៕

មតិយោបល់