ក្រុមហ៊ុនភេសជ្ជយក្សសហរដ្ឋអាមេរិក Pepsi បានប្រកាសនៅថ្ងៃទី១១ខែវិច្ឆិកា ឆ្នាំ ២០១៣ ថា ខ្លួននឹងធ្វើការវិនិយោគនូវទឹកប្រាក់ជាង ៥ពាន់លានដុល្លារអាមេរិក ជាមួយនឹងដៃគូនៅក្នុងប្រទេសឥណ្ឌា ដើម្បីបង្កើនផលិតកម្ម។

ក្រុមហ៊ុនមួយនេះបាននិយាយថា ទឹកប្រាក់នេះនឹងធ្វើការវិនិយោគដល់ឆ្នាំ ២០២០ ដោយបានប្រែក្លាយឥណ្ឌាទៅជាទីផ្សារធំជាងគេនៅក្នុងសកលលោក ហើយនឹងពង្រីកទីផ្សារបន្ថែមទៀត ដើម្បីឲ្យការចែកចាយ និងផ្គត់ផ្គង់កាន់តែច្រើនឡើង។
“ឥណ្ឌាជាប្រទេសដែលមានសក្ដានុពលដ៏ធំមួយ ហើយវាក៏ទីផ្សារធំសម្រាប់ Pepsi”។ នេះជាសម្ដីរបស់អ្នកស្រី Indra Nooyi ប្រធានក្រុមហ៊ុន Pepsi ប្រចាំប្រទេសឥណ្ឌា។
អ្នកស្រីបានបន្តទៀតថា “យើងបង្កើតនូវភាពជោគជ័យជាច្រើននៅក្នុងប្រទេសឥណ្ឌា ហើយក៏ជាជោគជ័យជាច្រើនឆ្នាំមកហើយដែរ ដូច្នេះយើងជឿជាក់ថា វាគឺជាឱកាសយូរអង្វែក្នុងសម្រាប់ទីផ្សារ Pepsi”។
បើតាមការគ្រោងទុក ការផលិតភេសជ្ជនៅ Pepsi នៅក្នុងប្រទេសឥណ្ឌានឹងអាចកើនឡើងទ្វេដងនៅក្នុងឆ្នាំ ២០២០។ កាលពីឆ្នាំកន្លងទៅ ក្រុមហ៊ុន Coca-Cola ដែលជាគូប្រជែងធំរបស់ Pepsi បាននិយាយថា ខ្លួននឹងចំណាយ ៥ពាន់លានដុល្លារអាមេរិកទៅលើការវិនិយោគនៅក្នុងប្រទេសឥណ្ឌា រយៈពេល ៧ឆ្នាំបន្ទាប់។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Pepsi និង Coca-Cola បានធ្វើការប្រកួតប្រជែងគ្នា ដោយព្យាយាមដណ្ដើមទីផ្សារ និងអតិថិជនគ្នាទៅវិញទៅមក មិនថាតែនៅឥណ្ឌានោះទេ សូម្បីតែនៅទីផ្សារតំបន់អាស៊ី មជ្ឈឹមបូព៌ា និងអាហ្វ្រិកក៏ទាំងពីរក្រុមហ៊ុននេះប្រជែងគ្នាមិនដែលបោះបង់ក្ដីសង្ឃឹមឡើយ៕
មតិយោបល់