ភ្នំពេញៈ ទីតាំងបើកកន្លែងកត់ឆ្នោតមួយកន្លែង ត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាប កាលពីវេលាម៉ោង៣៖៤០នាទី រសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅតូបជួបលេខB11 ផ្លូវបេតុង ភូមិទួលសង្កែ ក្រុមទី១៣ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
នាយរងផ្នែកព្រហ្មទណ្ឌ លោក ម៉ៅ ចាន់ថុន បានប្រាប់ឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបទីតាំងកក់ឆ្នោតខាងលើ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន និងដកហូតវត្ថុតាង រួមមានក្រដាសសម្រាប់កត់ឆ្នោតមួយចំនួន ម៉ាសីុនគិតលេខចំនួន១គ្រឿង ត្រាថ្ងៃខែចំនួនមួយ ប្រដាប់កិបចំនួនមួយ និងទឹកប្រាក់មួយចំនួនផងដែរ។
លោក ណយ ច័ន្ទណារ័ត្ន មន្ត្រីព្រហ្មទណ្ឌបន្តទៀតថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសម្នាក់ ឈ្មោះ សួន សារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាអ្នកកត់ឆ្នោត ស្នាក់នៅផ្ទះជួល ផ្លូវលំ ក្រុមទី៦ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
បច្ចុប្បន្នបុរសខាងលើ ត្រូវបានបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី៕
មតិយោបល់