ភ្នំពេញៈ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើកម៉ូតូ PCXមួយគ្រឿង មិនគោរពភ្លើងស្តុប ក៏ត្រូវបានរថយន្តមួយគ្រឿង បុកចំពាក់កណ្តាលម៉ូតូតិចតួចប៉ុណ្ណោះ មិនព្រមដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ទ្បើយ បែរជាបង្កហិង្សាចុះមកដកអាយឌីវាយកញ្ចក់រថយន្ត ផ្នែកខាងមុខ បណ្តាលឲ្យបែក។
ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខសណ្ឋាគារ ស្រែលាភ តាមបណ្តោយផ្លូវ១៣២កែងនិង៦១៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
តាមសម្តីម្ចាស់រថយន្ត បានឲ្យដឹងថា មុនកើតហេតុរូបគាត់ បានបើករថយន្តមួយគ្រឿង ម៉ាកព្រូល ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AI-1316 តាមបណ្តោយផ្លូវ១៣២ ទិសដៅពីត្បូងទៅជើង លុះមកដល់ស្តុបបែកជាបួនភ្លើងខៀវ នៅចំណុចកើតហេតុខាងលើ ស្រាប់បុរសម្នាក់ បើកម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ស ពាក់ស្លាកលខភ្នំពេញ1CV-8172 តាមបណ្តោយផ្លូវ៦១៦ ទិសដៅពីកើតទៅលិច ឆ្លងកាត់ពីមុខរថយន្ត ធ្វើរូបគាត់ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលចង្កូតទៅបុកចំពាក់កណ្តាលម៉ូតូតិចតួចប៉ុណ្ណោះ មិនទាំងនិងដួលម៉ូតូផង រួចរូបគាត់បានរយ៉ែរថយន្តថយក្រោយបន្តិច ស្រាប់តែបុរសជាម្ចាស់ម៉ូតូថា រូបគាត់បម្រុងបើករថយន្តរត់ ដោយមិនបានចរចាសម្របសម្រួលគ្នា ក៏ចុះពីលើម៉ូតូរួចដកអាយឌីពីចង្កេះ វាយទៅកញ្ចក់រថយន្តផ្នែកខាងមុខ បណ្តាលឲ្យបែក ហើយបានឈ្លោះប្រកែកគ្នា យ៉ាងតឹងសរសៃក ធ្វើឲ្យផ្អើលដល់ប្រជាពលដ្ឋ រួមដំណើរនៅតាមដងផ្លូវ និងអ្នកជិតខាងចុះមកមើលកុះករ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានឲ្យភាគីទាំងសងខាងសម្របសម្រួសគ្នា ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕
មតិយោបល់