ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្ម

កណ្តាល: យុវជនម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីរកឃើញថា ជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្ម។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨យប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ ចំណុចភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ សេង រដ្ឋា ហៅឈុំ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ កសិករ ជនជាតិខ្មែរ មានទីលំនៅ ភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ប្រភពដដែលបានបន្តទៀតថា កន្លងមកនេះឈ្មោះ សេង រដ្ឋា ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់ថ្នាំញៀនយ៉ាងសកម្មនៅក្នុងមូលដ្ឋាន ។

មុនឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យ កម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀនស្រុកបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា ជនសង្ស័យកំពុងជួញដូរថ្នាំញៀន កម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍ស្វាយជ្រំចុះបង្រ្កាបនៅចំណុចកើតហេតុ ឃាត់ខ្លួនជនសង្ស័យធ្វើការឆែកឆេររកឃើញសារធាតុញៀនម៉ាទឹកកកICEចំនួន ៤កញ្ចប់តូច សមត្ថកិច្ចនគរបាលក៏បានឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបន្តអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់