ព័ត៌មានបច្ចេកវិទ្យា

វ៉ែនតា VR ថ្មីរបស់ Google លែងត្រូវការស្មាតហ្វូន នឹងចេញក្នុងឆ្នាំនេះ

នៅក្នុងព្រឹត្តិការណ៍ Google I/O កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន Google បានប្រកាសថា ខ្លួនកំពុងធ្វើការជាមួយក្រុមហ៊ុន Qualcomm ដើម្បីអភិវឌ្ឍ Hardware សម្រាប់បំពាក់ឱ្យវ៉ែនតា VR ដែលមិនចាំបាច់ប្រើភ្ជាប់ជាមួយស្មាតហ្វូន ហើយវានឹងចេញនៅឆ្នាំ ២០១៧ នេះ។

វ៉ែនតាដែលអាចបញ្ចាំងរូបភាពក្រាហ្វិច និងលេងហ្គេមបែបប្រចក្សនិម្មិត (Virtual Reality) នេះ នឹងបំពាក់បច្ចេកវិទ្យាថ្មីមួយមានឈ្មោះថា WorldSense ដោយមានកិច្ចសហការផលិតរួមគ្នា​ជាមួយក្រុមហ៊ុន HTC និង Lenovo។ បច្ចេកវិទ្យាថ្មីនេះ អាច​ចាប់ចលនារបស់អ្នកពាក់ក្នុងប្លង់ 3D តាម​រយ:កាមេរ៉ា ២ គ្រាប់ បានដោយមិនចាំបាច់ពឹងផ្អែកលើ Sensor ទូរសព្ទ ឬឧបករណ៍ជំនួយខាងក្រៅអ្វីឡើយ។

គួរបញ្ជាក់ថា ទីផ្សារសម្រាប់វ៉ែនតា VR ត្រូវបានគេរំពឹងថា នឹងមានតម្លៃរហូតដល់ទៅ ៣៨ ពាន់លាន នៅឆ្នាំ ២០២៦ នេះបើយោងតាមក្រុមហ៊ុនវិភាគទីផ្សារ Greenlight Insight។

បច្ចុប្បន្ន វ៉ែនតាប្រភេទនេះ កំពុងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើន រាប់បញ្ចូលទាំងក្រុមហ៊ុនបណ្តាញសង្គមយក្ស Facebook និងក្រុមហ៊ុន Apple ផងដែរ៕

ប្រភពព័ត៌មាន: mashable, fastcompany

មតិយោបល់