ព្រះសីហនុៈ នៅក្រុងព្រះសីហនុ មួយរយៈនេះ មានករណីជនមិនស្គាល់មុខគប់បំបែកកញ្ចក់រថយន្ត តាក់ស៊ី សម្រាប់ដឹកភ្ញៀវជនជាតិចិន បើយោងប្រភពព័តមានពីលោក ហេង វណ្ណា ជាប្រតិបត្តិករក្រមហ៊ុនដឹកជញ្ជូនភ្ញៀវបានឲ្យដឹងថា សកម្មភាពគប់កញ្ចក់រថយន្តក្រុមហ៊ុនរបស់លោកភាគច្រើន កើតឡើងនៅពេលយប់ ធ្វើឲ្យអ្នកបើកបររថយន្តជាជនជាតិខ្មែរ និងជនជាតិចិនមានការភ័យខ្លាច។
បញ្ជាក់៖ ករណីនេះលោកបានដាក់បណ្តឹង ទៅកាន់សមត្ថកិច្ចតាមផ្លូវច្បាប់រួចហើយ ដើម្បីមានវិធានការដោះស្រាយចំពោះអ្នកប្រព្រឹត្ត។ ជុំវិញបញ្ហាដែលនាំឲ្យកើតមានសកម្មភាពគប់បំបែកកញ្ចក់រថយន្តតាក់ស៊ីដឹកភ្ញៀវចិននេះ លោក ហេង វណ្ណា បន្តថា ខាងក្រុមហ៊ុនក៏មិនទាន់ដឹងពីមូលហេតុ ឬដើមហេតុថា យ៉ាងណានៅឡើយ?
ហើយលោកសង្ឃឹមថា អ្នកពាក់ព័ន្ធនឹងសកម្មភាពនេះត្រូវបានបង្ក្រាបដោយសមត្ថកិច្ចជាពុំខាន ជាមួយគ្នានេះលោក ហេង វណ្ណា ថ្លែងថា ខាងក្រុមហ៊ុន បានណែនាំដល់អ្នកបើកបរក្នុងក្រុមហ៊ុនឲ្យប្រកាន់ឥរិយាបទល្អ និងគោរពច្បាប់ជាការចាំបាច់ពេលបើកបរដឹកភ្ញៀវនៅតាមដងផ្លូវ។ ប្រភពពីសមត្ថកិច្ចថ្លែងថា ក្រុមហ៊ុនរថយន្តតាក់ស៊ីនេះជាក្រុមហ៊ុនចុះបញ្ជីការត្រឹមត្រូវស្របច្បាប់ បើទោះជាអ្នកបើកបរក្រៅពីជនជាតិខ្មែរ មានខ្លះជាជនជាតិចិនក៏ដោយ បាតុភាពនេះកើតមានមែន ក្នុងនោះក្រៅពីរថយន្តរងការខូចខាត អ្នកបើកបរខ្លះមានរងរបួសតិចតួចដែរ បញ្ហានេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកអ្នកប្រព្រឹត្ត ។
ទោះជាយ៉ាងនេះក្តី មន្ត្រីសមត្ថកិច្ចដដែលបានអំពាវនាវដល់អ្នកប្រព្រឹត្ត ឲ្យបញ្ឈប់សកម្មភាពគប់កញ្ចក់រថយន្ត ព្រោះអាចជាប់ទោសទណ្ឌ លោកបន្ថែមទៀតថា ប្រសិនបើមានបញ្ហាអ្វីប៉ះពារគ្នា ដោយប្រការណាមួយសូមឲ្យពលរដ្ឋទាំងអស់ កុំយកហិង្សាមកដាក់ខ្លួន សូមព្យាយាមរកការដោះស្រាយសន្តិវិធី៕
មតិយោបល់