ព័ត៌មានជាតិ

លោក ទៀង ចាន់សា៖ ការដោះលែងមេកន្ទុយលេខនៅអធិការខណ្ឌ មានកញ្ញា វ៉ា សក្តា ព្រះរាជអាជ្ញាអនុញ្ញាត

ភ្នំពេញ: ក្រោយពីបានឃាត់ខ្លួនជាក់ស្តែង នៅនឹងកន្លែងកត់កន្ទុយលេខកាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧កន្លងទៅនោះ ជនសង្ស័យឈ្មោះ ញឹម ភក្រ្តា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមេកន្ទុយលេខ (ឆ្នោតវៀតណាម) ស្ថិតនៅផ្ទះ២១៧ ផ្លូវលំ ក្រុម៩ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ ត្រូវបានសមត្ថកិច្ចខណ្ឌឫស្សីកែវ បង្ហើបឲ្យដឹងថា លោក ទៀង ចាន់សា បានដោះលែងឲ្យមានសេរីភាពវិញ នៅនឹងអធិការដ្ឋានខណ្ឌតែម្តង តែប៉ុន្មានម៉ោងក្រោយការឃាត់ខ្លួនតែប៉ុណ្ណោះ។

ប្រភពដដែលបានថ្លែងថា ជនសង្ស័យឈ្មោះ ញឹម ភក្ត្រា ត្រូវបានដោះលែងនៅនឹងអធិការខណ្ឌតែម្តងដោយមិនបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីតាមនីតិវិធីដូចដែលសមត្ថកិច្ចធ្លាប់ធ្វើចំពោះជនសង្ស័យទូទៅនោះទេ។

ទាក់ទងនឹងបញ្ហានេះលោក ទៀង ចាន់សា អធិការខណ្ឌឫស្សីកែវ បានថ្លែងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះថា ដោយជនសង្ស័យជានិស្សិត មានមេធាវីធានា និងដោយសារតែជនសង្ស័យជាអ្នកមើលការខុសត្រូវកន្លែងកត់កន្ទុយលេខនោះជំនួសបងប្រុសផង ហើយដោយមានការយល់ព្រមពីកញ្ញា វ៉ា សក្តា ព្រះរាជអាជ្ញារង ដែលដឹកនាំ សម្របសម្រួលក្នុងការបង្ក្រាបផង លោកក៏បានដោះលែងជនសង្ស័យឲ្យមានសេរីភាពវិញទៅ។

លោកអធិការបានឆ្លើយដោយស្ទាក់ស្ទើរថា ចំពោះការដោះលែងជនសង្ស័យនៅអធិការខណ្ឌនោះលោកនឹងសួរថ្នាក់ក្រោមលោកសិន ហើយលោកនឹងបញ្ជាក់ជូននាពេលក្រោយ។

គួររំលឹកថា នគរបាលខណ្ឌឫស្សីកែវ ដោយមានការសម្របសម្រួលពីកញ្ញា វ៉ា សក្តា ព្រះរាជអាជ្ញារងអមសាលាដំបូងក្រុងភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧កន្លងទៅ បានចុះបង្ក្រាបទីតាំងល្បែងស៊ីសងប្រភេទកន្ទុយលេខ
(ឆ្នោតវៀតណាម) ជ្រកក្រោមស្លាកអាជីវកម្មឆ្នោតខ្មែរ ស្ថិតនៅចំណុចផ្ទះ២១៧ ផ្លូវលំ ក្រុម៩ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ញឹម ភក្រ្តា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងខាងលើ(ជាអ្នកកត់) និងដកហូតបានវត្ថុតាងរួមមាន៖
១.ក្រដាសសម្រាប់កត់ឆ្នោតវៀតណាមមួយចំនួន។
២.ត្រាសម្រាប់វាយថ្ងៃខែឆ្នាំចំនួន១។
៣.ប៊ិចចំនួន៣ដើម។
៤.ម៉ាស៊ីនគិតលេខចំនួន១។
៥.សេរីចេញឆ្នោតមួយចំនួន។
៦.ប្រាក់ចំនួន៥០,០០០រៀល។

ក្រោយពីឃាត់ខ្លួនរួចជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋានខណ្ឌឫស្សីកែវ ដោយសមត្ថកិច្ចនិយាយថា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ត តែទីបំផុត ជនសង្ស័យត្រូវបានគេដោះលែងវិញយ៉ាងរំភើយមុនពេលទៅដល់តុលាការ៕

មតិយោបល់