ព័ត៌មានជាតិ

ប្ដីបិទទ្វារបន្ទប់កាប់ប្រពន្ធ ស្ទើរស្លាប់រួចរត់គេចខ្លួន បាត់ស្រមោល

ភ្នំពេញៈ ស្ត្រីម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ និងត្រូវបានអ្នកជិតខាង បញ្ជូនតាមម៉ូតូរ៉ឺម៉កកង់បី ទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈភ្លាមៗ បន្ទាប់ពីនាងត្រូវបានប្ដី កាប់ជាច្រើនកាំបិតផ្គាក់។ ចំណែកជនដៃដល់ជាប្ដី ក្រោយធ្វើសកម្មភាពរួច បានរត់គេចខ្លួនបាត់ ដោយគេនៅមិនទាន់ដឹងថា មូលហេតុអ្វីទេ បានជាបុរសរូបនេះ ប៉ុនប៉ងសម្លាប់ប្រពន្ធយ៉ាងដូចនេះ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង៥០នាទីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងបន្ទប់ផ្ទះជួល ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីរងគ្រោះឈ្មោះ ត្រេន ពៅ អាយុ៣៣ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រកាត់ដេរហែនសាំ ស្នាក់នៅក្នុងបន្ទប់ជួលខាងលើ បានរងរបួសក្បាល និងកញ្ចឹងកជាច្រើនកន្លែង រីឯបុរសជាប្ដីមិនទាន់ ត្រូវបានស្គាល់ឈ្មោះនៅឡើយទេ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រោយកើតហេតុ គេបានឃើញបុរសជាប្ដីបីប្រពន្ធ ចេញពីក្នុងបន្ទប់ជួល រកគ្រូពេទ្យជួយសង្គ្រោះ។
ភ្លាមៗនោះអ្នកជិតខាង មិនបានដឹងថា នាងត្រូវប្ដីកាប់នោះឡើយ ដោយនឹកស្មានថា នាងខ្យល់គព្រោះអត់មានឮសូរឈ្លោះគ្នាឡើយ ហើយពេលសួរនាំបុរសជាប្ដីម្នាក់នោះ មិនបានឆ្លើយតបនោះទេ ។

ប្រភពដដែល បានបន្តថា ខណៈនោះនាងជាប្រពន្ធ បានខំប្រឹងនិយាយតិចៗ ប្រាប់ថា នាងត្រូវប្ដីកាប់ លុះពេលប្ដីបីទៅដល់គ្លីនិកមួយ នៅជិតនោះគ្រូពេទ្យមិនហ៊ានទទួលព្យាបាលឡើយ ព្រោះរបួសធ្ងន់ពេក ទើបពេលនោះប្ដី បានរត់គេចខ្លួនបាត់ ហើយអ្នកជិតខាង
បានគ្នាហៅម៉ូតូរ៉ឺម៉កកង់បី ដើម្បីដឹកបន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ។

ក្រោយទទួលបានដំណឹងភ្លាមៗ នគរបាលប៉ុស្តិ៍ចោមចៅ៣ បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ជនដៃដល់៕

https://youtu.be/nAvPgbThZR0

មតិយោបល់